[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Hyundai Nine ដែលត្រូវបានផលិតឡើងដោយអ្នករចនាជនជាតិកូរ៉េ Jeesoo Kim និង Yunsik Kim ដោយបានយកទម្រង់ពីរថយន្តស្ព័រអគ្គិសនី ជាមួយនឹងការរចនាដូចទៅនឹងរថយន្ត N Vision 74 និងរចនាម៉ូដមួយចំនួនពីម៉ូដែលរបស់ Hyundai ផងដែរ ។
សម្រាប់រូបរាងរបស់ Hyundai Nine មានប្រវែងគន្លាតកង់មុខ-ក្រោយវែង និងការរចនាយ៉ាងទាក់ទាញ មិនត្រឹមតែមិនដូចអ្វីទាំងអស់ដែលក្រុមហ៊ុន Hyundai ផលិតនាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែក៏មានភាពខុសគ្នាខ្លាំងជាងរថយន្តទាំងអស់ដែលកំពុងដាក់លក់នាពេលបច្ចុប្បន្នទៀតផង ។
ការរចនារបស់ Nine ត្រូវបានបំផុសគំនិតដោយ Hyundai Grandeur ម៉ូដែលឆ្នាំ ដោយនៅផ្នែកខាងមុខ មានចង្កៀងប LED light bar រចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងកាងខាងក្រោមពណ៌ខ្មៅ ប្រើប្រាស់នៅថាសកង់ទំហំធំជាមួយការរនចាថ្មីហើយប្លែក និងឈ្នាន់ជើងចំហៀងភ្ជាប់មកជាមួយអំពូល LED ជាដើម។
ទន្ទឹមនឹងនោះ ផ្នែកខាងក្រោយនៃគំរូរថយន្ត Hyundai Nine ត្រូវបានផលិតនៅលើការរចនាម៉ូដឲ្យឈ្មោះថា ‘Parametric Pixels’ របស់ក្រុមហ៊ុន ដែលបង្ហាញនៅលើម៉ូដែលផ្សេងៗជាមួយនឹងចង្កៀង LED បែបបញ្ឈរ និងគម្របបទា្វរក្រោយក៏បើកតាមរបៀបខុសពីធម្មតា ដោយបង្ហាញកន្លែងអង្គុយជាជាងកន្លែងផ្ទុកទំនិញ៕