[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅសហរដ្ឋអាមរិក គ្រោងនឹងធ្វើការនាំយករថយន្ត Hyundai Santa Fe ស៊េរីឆ្នាំ ២០២៤ រូបរាងថ្មីទាំងស្រុង ទៅដាក់តាំងបង្ហាញនៅឯពិពរណ៌រថយន្ត LA Auto Show ដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ។
សម្រាប់រថយន្តនេះ មានប្រវែងតួខ្លូនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨១៥ ម.ម មានការរចនានៅផ្នែកខាងក្រៅបែបប្រអប់ជ្រុង បានប្រើប្រាស់ចង្កៀងមុខ-ក្រោយរាងអក្សរ H-shape ប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២១ អ៉ីញ និងដំបូល roof-rack ជាដើម ។ លើសពីនេះ ប្រព័ន្ធសុវត្ថិភាពមានមុខងារដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោហថ្នាក់ពីផ្នែកខាងមុខ-ក្រោយ ប្រព័ន្ធជំនួយមិនឲ្យចាកគន្លងផ្លូវ ប្រព័ន្ធកំណត់ល្បឿន ប្រព័ន្ធកាម៉េរាមួយជុំរថយន្ត និងមួយចំនួនផ្សេងទៀតផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ រំពឹងថានឹងត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ព្រមទាំងអេក្រង់ទំហំ ៦,៦ អ៉ីញ សម្រាប់បញ្ជាម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ កញ្ចក់មើលខាងក្រោយឌីជីថលជាដើម ។
សម្រាប់ម៉ូដែល US-spec ដំណើរការដោយម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៧ សេះ និងកម្លាំងរមួល ៤២២ ញ៉ូតុនម៉ែត្រ ។
- ម៉ាស៊ីនកូនកាត់ hybrid រួមគ្នាជាមួយសាំងចំណុះ ១,៦ លីត្រ Turbo មានកម្លាំង ១៧៨ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ៕