Hyundai Santa Fe ស៊េរីថ្មី បង្ហាញមុខមាត់ពិតហើយ!

Hyundai បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត Santa Fe ស៊េរី​ឆ្នាំ ២០២១ ដោយ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​បង្ហាញ​លក្ខណៈ​សម្បត្តិ​ទាំង​អស់​នៅ​ឡើយ​ទេ បង្ហាញ​ត្រឹម​​ការ​ឌីហ្សាញ​រូបរាង​ថ្មី​ជា​មុន​។

ដូច​ជា​រូបភាព Teaser បាន​បញ្ជាក់​​ រថយន្ត Santa Fe ថ្មី​ពិត​ជា​មាន​រូបរាង​ខុស​ពី​ស៊េរី​​មុនៗ ត្បិត​ថា​វា​មិន​​ទាន់​​វិវត្តន៍​ចូល​ជំនាន់​ថ្មី​មួយ​ទៀត​មែន។ ផ្នែក​ខាង​មុខ​មាន​បំពាក់​នូវ​រន្ធ​ខ្យល់​ដែល​មាន​ឌីហ្សាញ​ថ្មី អម​ដោយ​អំពូល​ភ្លើង​​បំភ្លឺ​ពេល​ថ្ងៃ​ដែល​លើក​នេះ​ឌីហ្សាញ​ជា​រាង​អក្សរ T ប្លែក​ភ្នែក។ អំពូល​ឲ្យ​សញ្ញា​នៅ​ផ្នែក​ខាង​ក្រោយ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai និយាយ​ថា​ Santa Fe ថ្មី​នេះ​គឺ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង Hyundai ជំនាន់​ទី​បី ដែល​សន្យា​ថា​ផ្ដល់​សមត្ថភាព​បើកបរ​ល្អ​ប្រសើរ​ជាង​មុន, ទប់​លំនឹង​បាន​ល្អ​ប្រសើរ, សន្សំសំចៃ​ប្រេង​ឥន្ធនៈ និង​ផ្ដល់​សុវត្ថិភាព​បាន​ល្អ​ប្រសើរ។

​នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ ដោយ​មាន​ការ​បំពាក់​អេក្រង់​ទំហំ ១០,២៥អ៊ីញ​ថ្មី ហើយ​នៅ​ផ្នែក​ខាង​មុខ​​អ្នក​បើកបរ​គឺ​មាន​អេក្រង់​ឌីជីថល​ទំហំ ១២,៣អ៊ីញ សម្រាប់​បង្ហាញ​ព័ត៌មាន​នៃ​ការ​បើកបរ​ផង​ដែរ។

Hyundai បាន​ឲ្យ​ដឹង​ថា​រថយន្ត Santa Fe ស៊េរី​ថ្មី​នឹង​ចាប់​ផ្ដើម​លក់​នៅ​ទឹកដី​អឺរ៉ុប​ចាប់​ពី​ខែ​កញ្ញា ​ហើយ​​​​នៅ​លើ​ទីផ្សារ​អូស្ត្រាលី​​ចាប់​ពី​អំឡុង​ត្រីមាស​ទី ៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម