Hyundai Sonata ឆ្នាំ ២០២០ ក្នុង-ក្រៅរចនាថ្មីទាំងអស់ ស្អាតកប់ហ្មង!

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai បាន​បញ្ចេញ​រថយន្ត​ Sedan ដ៏​ពេញនិយម​របស់​ខ្លួន គឺ ម៉ូដែល Sonata ស៊េរី​ឆ្នាំ ២០២០ ដែល​ទទួល​បាន​ការ​រចនា​ថ្មី​សន្លាង​ ទាំង​ផ្នែក​ខាង​ក្រៅ និង​ខាង​ក្នុង។

Sonata ស៊េរី​ថ្មី​ ​ប្រើប្រាស់​គំរូ​រចនា Sensuous Sportiness របស់​ក្រុមហ៊ុន Hyundai ​ដំបូង​បង្អស់ ដែល​ពាំនាំ​ការ​រចនា​ពី​គំរូ​រថយន្តម៉ូដែល Le Fil Rouge ដែល​ធ្លាប់បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី Geneva Motor Show កាល​ពី​ឆ្នាំ ២០១៨។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Sedan នេះ មាន​កម្ពស់​ទាប​ជាង​មុន ១,១ អ៊ីញ និង ទទឹង​រីក​ធំជាងមុន ០,៩ អ៊ីញ ដែលមើល​ទៅ​ពិត​ជា​មាន​ភាព​ស្ព័រ និង​ទាក់ទាញ​ជាង​ម៉ូដែល​មុនៗខ្លាំងតែម្តង។ មិនតែប៉ុណ្ណោះ វា​ក៏​បាន​ពង្រីក​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ ១,៣ អ៊ីញ និង មាន​ប្រវែង​សរុប​វែង​ជាង​មុន ១,៧ អ៊ីញ​ផង​ដែរ។

រឹត​តែ​ពិសេស អំពូល Daytime Running Lights ផ្នែក​ខាង​មុខ​របស់ Sonata គឺ​ជា​ប្រភេទ Hidden Lighting Lamps ដែល​យក​ពី​គំរូ​ម៉ូដែល HDC-2 ទៀត​ផង។ បើ​និយាយ​ពី​ផ្នែក​ខាង​ក្នុង​វិញ ត្រូវ​បាន​រចនា និង​រៀបចំ​យ៉ាង​ប្រណីត ផ្តល់​នូវ​ផាសុកភាព​ខ្ពស់​ចំពោះ​អ្នក​ប្រើប្រាស់។

Sonata ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Naturally Aspirated ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៩១ សេះ សម្រាប់ម៉ូដែល SE និង SEL ។ ដោយឡែក ម៉ូដែល SEL Plus និង Limited វិញ ប្រើម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៨០ សេះ ។ ពួកវាប្រើប្រអប់លេខអូតូ ៨ វគ្គ ហើយមានតម្លៃចន្លោះពី ២២ ៥០០ ដុល្លារ និង ៣២ ១០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម