Hyundai Staria ចេញប្រភេទបោះតង់

[ទីផ្សារបរទេស] ចាប់តាំងពីការប្រកាសចេញកាលពីឆ្នាំ២០២១មក រថយន្តវ៉ែន Hyundai Staria បានចេញលក់ប្រភេទថ្មីៗជាច្រើន មានតាំងពីប្រភេទ២កៅអី ដល់១១កៅអី និងថែមទាំងមានប្រភេទ១៥កៅអីជាប្រភេទរថយន្តដឹកសិស្សថែមទៀតផង។ ពេលនេះរថយន្តនេះមានបន្ថែមប្រភេទថ្មីមួយទៀតហើយ ឈ្មោះថា Staria Lounge Camper។

Staria Lounge Camper ដែលត្រូវបានប្រកាសចេញដំបូងសម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង មានចែកចេញជាប្រភេទ Camper 4 និង Camper 11 ដែលមានបំពាក់ចំនួនកៅអីខុសៗគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាប្រភេទទាំងពីរ មានបំពាក់តង់ដែលអាចបើកចេញតាមបែបអេឡិចត្រូនិច និងមាននូវពូកខ្យល់មកជាមួយថែមទៀតផង។ លើសពីនេះក៏មាននូវទូទឹកកកចំណុះ ៣៦លីត្រ, មានឈុតសីងលាងសម្អាត, មានជាតុដែលអាចបត់បាន និងមានធ្នើសម្រាប់ដាក់ឥវ៉ាន់ផងដែរ។

ជាងនេះទៅទៀតវាក៏មាននូវរន្ធសម្រាប់តភ្ជាប់ទឹកសម្រាប់មុជ និងមានរន្ធសាកថ្មជាច្រើននៅផ្នែកខាងក្រោយរថយន្ត។ ម្ចាស់រថយន្តអាចបើកចំហរទ្វាររថយន្តខាងក្រោយបានដោយមិនបារម្ភពីសត្វល្អិតចូល ដោយសារតែរថយន្តនេះមានសំណាញ់ការពារមកជាមួយថែមទៀត។ នៅផ្នែកខាងក្នុងមានទំហំធំទូលាយ អាចឲ្យមនុស្សពីរនាក់គេងបានដោយស្រួលផងដែរ។

រថយន្ត Camper 11 មានដាក់លក់ក្នុងតម្លៃប្រមាណ ៤០ ០០០ដុល្លារ ខណៈដែលរថយន្ត Camper 4 ដែលមានប្រណីតភាពជាង មានដាក់លក់តម្លៃចាប់ពីប្រមាណ ៥៥ ៤០០ដុល្លារ ដោយអតិថិជនអាចបន្ថែមកញ្ចប់ថវិកាដើម្បីទទួលបានប្រព័ន្ធបើកបរប៉ុងពីរ ឬមុខងារពិសេសៗដទៃទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម