[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Verna ស៊េរីឆ្នាំ ២០២៣ ដោយមាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១៣ ៣២១ ដុល្លារ ដល់ ២១ ២៤៤ ដុល្លារ នៅទីផ្សារប្រទេសឥណ្ឌា ។
Hyundai Verna ជំនាន់ថ្មី មានការរចនាកាន់តែទាក់ទាញ ដោយបានបំពាក់ជាមួយប៉ាណាមុខឲ្យឈ្មោះថា Parametric Jewel grille ថ្មី ជាប់សងខាងចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃត្រូវបានរចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៦ អ៉ីញ ពណ៌ខ្មៅ អង់ទែនព្រុយត្រីឆ្លាម និងចង្កៀងខាងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងផងដែរ ។
ចំណុចលេចធ្លោនៅផ្នែកខាងក្នុងរបស់រថយន្តនេះ គឺកុងទ័របង្ហាញព័ត៌មានឌីជីដល និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះបញ្ឈរទំហំ ១០,២៥ អ៉ីញ ភ្ជាប់មុខងារ Apple Carplay និង Android Auto ឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ៨ ចំនុច ដៃចង្កូតស្រោបដោយស្បែក និងភ្លើងលម្អជាច្រើនពណ៌ជាដើម។
ទាក់ទងនឹងផ្នែកម៉ាស៊ីន Hyundai Verna ស៊េរីឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌា មានជម្រើសម៉ាស៊ីនចំនួន ២ គឺ
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ MPi ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ១៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយលេខអូតូ iVT និងលេខដៃ ៦ វគ្គ
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ និងលេខដៃ ៦ វគ្គ៕