Hyundai ចាប់ដៃគូជាមួយ Michelin ដើម្បីផលិតសំបកកង់សម្រាប់រថយន្តអគ្គិសនី Premium

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai និង ក្រុមហ៊ុនផលិតសំបកកង់បារាំង Michelin បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផលិតសំបកកង់ជំនាន់ក្រោយ ដែលត្រូវបានរចនាឡើងសម្រាប់រថយន្តអគ្គិសនីកម្រិត Premium។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុន Michelin នឹងធ្វើការដើម្បីផលិតសំបកកង់ជំនាន់ក្រោយ ដែលនឹងមានលក្ខណៈដំណើរការល្អបំផុត អនុញ្ញាតឲ្យរថយន្តអគ្គិនសនីបើកបរបានឆ្ងាយ និង ប្រើប្រាស់បានយូរ ដើម្បីដោះស្រាយជាមួយនឹងការដំឡើងចម្ងាយបើកបរ និង បន្ទុកធ្ងន់ នៃរថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ ក្រុមហ៊ុន Hyundai និង Michelin គ្រោងនឹងធ្វើការស្រាវជ្រាវរួមគ្នា ដើម្បីវិភាគលើការសឹកនៃសំបកកង់, ការផ្ទុករបស់សំបកកង់ និង ការកកិតនៅលើផ្លូវ ដើម្បីបង្កើនគុណភាពសំបកកង់ ទៀតផង។

ដោយសារតែគោលដៅរបស់​ពួកគេគឺជារថយន្ត Premium ដូច្នេះពួកគេ​ក៏​នឹង​ត្រូវធ្វើឲ្យសំបកកង់នោះមានសំឡេងស្ងាត់ និង​ ផ្តល់​ផាសុកភាព​ក្នុង​ល្បឿន​លឿន ផងដែរ។

ជាចុងក្រោយ ក្រុមហ៊ុនទាំង ២ ខាងលើ ចង់ធ្វើឲ្យសំបកកង់មិនបំពុលដល់បរិស្ថានជាងមុន ដោយក្នុងនោះ ៥០ ភាគរយនៃទម្ងន់សរុបរបស់ពួកវា នឹងបង្កើតឡើងដោយវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ជំនួសឲ្យ ២០ ភាគរយ នៃសំបកកង់បច្ចុប្បន្នរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម