[ទីផ្សារបរទេស] កាលពីខែមុន Hyundai បានបញ្ជាក់ថាពួកគេកំពុងអភិវឌ្ឍន៍រថយន្តអគ្គិសនីខ្នាតតូចដែលមានតម្លៃធូរថ្លៃមួយម៉ូដែលសម្រាប់ទីផ្សារអឺរ៉ុប ដោយតម្លៃរបស់វារំពឹងថាមិនដល់ ២ម៉ឺនដុល្លារឡើយ។ ប៉ុន្តែការចុះផ្សាយថ្មីបានអះអាងថាមានរថយន្តអគ្គិសនីមួយទៀតដែល Hyundai កំពុងផលិត។
ការចុះផ្សាយរបស់ Autocar បានអះអាងថារថយន្តអគ្គិសនីទាំងពីររំពឹងថាប្រកាសចេញនៅពាក់កណ្ដាលឆ្នាំ២០២៣ និងនៅចុងឆ្នាំ២០២៤ ដោយមានប្រើប្រាស់គ្រោងឆ្អឹងតែមួយ។ រថយន្តទាំងពីរនេះនឹងជាអ្នកស្នងតំណែងរថយន្ត Hyundai i10 ជារថយន្តសម្រាប់ប្រើប្រាស់ក្នុងទីក្រុង។
រថយន្តទាំងពីររំពឹងថានឹងជាគូប្រជែងដ៏ខ្លាំងក្លារបស់រថយន្ត VW ID.1 និង ID.2 ដែលត្រៀមប្រកាសចេញ រួមទាំងជាគូប្រជែងរបស់រថយន្តមកពីក្រុមហ៊ុន Skoda និង Cupra ផងដែរ។ គួរដឹងថា VW Group ក៏មានគោលដៅផលិតរថយន្តអគ្គិសនីតម្លៃធូរដែរ ដែលបង្ហាញថាវានឹងក្លាយជាទីផ្សារប្រកួតប្រជែងថ្មី។
គិតមកត្រឹមពេលនេះ អ្វីដែលគេបានដឹងអំពីរថយន្តអគ្គិសនីខ្នាតតូចរបស់ Hyundai គឺវានឹងប្រើប្រាស់គ្រឿងបន្លាស់របស់ក្រុមហ៊ុន BorgWarner ដែលអាចផលិតកម្លាំងបាន ១៨១សេះ ដែលកម្លាំងនេះគឺលើសពីគ្រប់គ្រាន់ទៅហើយសម្រាប់រថយន្តបើកបរក្នុងទីក្រុង៕