[បរទេស] ក្រុមហ៊ុនផលិរថយន្ត Hyundai ប្រចាំនៅប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Hyundai MUFASA off-road concept ដោយគ្រោងបង្ហាញជាផ្លូវការក្នុងកម្មវិធី Shanghai Auto Show នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ ហើយនឹងត្រូវបានលក់ក្នុងប្រទេសចិនក្នុងខែកក្កដា។
Hyundai MUFASA Concept មានប្រវែងតួខ្លួនសរុប ៤ ៤៧៥ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៦៦៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៦៨០ ម.ម ។ គំរូរថយន្តនេះ មានការរចនាដ៏ទាក់ទាងដែលផ្តោតលើផ្លូវពិបាកៗ ឬ Off-Road ដែលមានប៉ាណាមុខឲ្យឈ្មោះថា Parametric grill អបសងខាងជាមួយចង្កៀង LED រចនាបែបបញ្ឈរ ប្រើប្រាស់នៅថាសកង់ស្ព័ស្រោបដោយសំបកកង់ប្រភេទ Off-Road ពណ៌ខ្មៅ និងឈ្នាន់ជើងចំហៀងប្រភេទ stainless steel និងដំបូលខាងលើរចនាបែបអនាគត ។ ផ្នែកខាងក្រោយ មានចង្កៀងត្រូវបានរចនាឡើងជារង្វង់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ជុំវិញឡូហ្គៅ HYUNDAI និងភ្លើងហ្រ្វាំងដែលបានដំឡើងខ្ពស់នៅលើកាង spoiler ខាងក្រោយ បន្ថែមរូបរាងកាន់តែស្ព័រ។
រីឯនៅផ្នែកខាងក្នុងវិញ តាមរូបភាពមួយចំនួននៃផ្នែកខាងក្នុងនៃកាប៊ីន ជារថយន្តដែលអាចដាក់បាន ៥ កៅអី បំពាក់ជាមួយអេក្រង់ភ្លោះ ដៃចង្កូត និងកៅអីស្រោបដោយស្បែកជាមួួយថ្នេដេរពណ៌ក្រហមជាដើម។
គំរូរថយន្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ផលិតដោយក្រុមហ៊ុន Beijing Hyundai ដែលផលិតកម្លាំងបាន ១៦១ សេស នឹងត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធកូនកាត់ Hybrid នាពេលអនាគតផងដែរ។ សម្រាប់ព័ត៌មានបន្ថែមមានតែរងចាំមើលទាំងអស់គ្នា ៕