[ទីផ្សារបរទេស] មួយរយៈចុងក្រោយនេះ Hyundai បានផ្ដោតខ្លាំងលើការប្រកាសចេញរថយន្តអគ្គិសនី ដោយថ្មីៗនេះទើបប្រកាសចេញរថយន្ត Ioniq 6 ជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ Tesla Model 3 ហើយនៅឆ្នាំ២០២៤ ក្រុមហ៊ុននឹងប្រកាសចេញរថយន្ត Ioniq 7 មួយទៀតដែលជា SUV កៅអីបីជួរ។
ដោយឡែកសម្រាប់រថយន្តអគ្គិសនីខ្នាតតូចដែលមានតម្លៃធូរថ្លៃ អតិថិជនប្រហែលជាត្រូវរង់ចាំយូរបន្តិច។ ពេលនិយាយជាមួយ Automotive News Europe ប្រធានផ្នែកទីផ្សាររបស់ Hyundai នៅអឺរ៉ុប ឈ្មោះថា Andreas-Christoph Hofmann បាននិយាយថារថយន្តអគ្គិសនីតម្លៃធូរកំពុងស្ថិតក្នុងការផលិត ដែលមានតម្លៃប្រមាណ ២ម៉ឺនអឺរ៉ូ (ជាង ២ម៉ឺនដុល្លារ)។
ប្រធានផ្នែករូបនេះបានទទួលស្គាល់ថាការអភិវឌ្ឍរថយន្តខ្នាតតូច ជាពិសេសជារថយន្តអគ្គិសនីទៀតនោះ គឺជាអាជីវកម្មប្រថុយប្រថានមួយ ដោយរថយន្តអគ្គិសនីខ្នាតតូចពិបាកក្នុងការស្វែងរកប្រាក់ចំណេញ។ នេះជាហេតុផលដែល Hyundai ផ្ដោតលើការប្រកាសចេញរថយន្តអគ្គិសនីធំ ដោយក្នុងនោះ Ioniq 7 គឺជារថយន្តធំជាងគេ ដែលផលិតជាសំខាន់សម្រាប់ទីផ្សារអាមេរិក ប៉ុន្តែក៏នឹងមានលក់នៅអឺរ៉ុបផងដែរ។
ប្រធានផ្នែករូបនេះបានលើកឡើងដែរថា Hyundai នឹងប្រកាសចេញរថយន្តអគ្គិសនីថ្មីៗបន្ថែមទៀត ព្រោះថាក្រុមហ៊ុនមានផែនការប្រកាសចេញរថយន្តអគ្គិសនីមិនក្រោម ១១ម៉ូដែលឡើយ នៅមុនដំណាច់ឆ្នាំ២០៣០។ គិតត្រឹមឆមាសដំបូងនៃឆ្នាំនេះ រថយន្តអគ្គិសនីមានចំណែក ១៦% នៃចំនួនលក់របស់ Hyundai នៅអឺរ៉ុប ខណៈដែលចំណែកទីផ្សាររបស់ Hyundai មានកំណើន ១% ឡើងដល់ ៤,៧% ផងដែរ៕