Hyundai ប្រកាសលក់រោងចក្ររបស់ខ្លួននៅរុស្សីតម្លៃ ១០០ ដុល្លារជាងប៉ុណ្ណោះ

[បរទេស] Hyundai គឺជាក្រុមហ៊ុនចុងក្រោយបង្អស់ដែលលក់រោងចក្ររបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដោយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានប្រកាសលក់រោងចក្រនេះក្នុងតម្លៃត្រឹមតែ ១១១ ដុល្លារប៉ុណ្ណោះ ដោយសារខ្លួនបានលក់រថយន្តថ្មីចំនួន ៦ គ្រឿងប៉ុណ្ណោះនៅខែសីហា ឆ្នាំ ២០២៣ ដែលជាការថយចុះយ៉ាងខ្លាំងពីចំនួន ២ ៨៩២ គ្រឿងដែលបានលក់កាលពីឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា ការលក់នេះរួមបញ្ចូលនៅកិច្ចសន្យាដែល Hyundai អាចទិញរោងចក្រវិញក្នុងរយៈពេល ២ ឆ្នាំនៃការលក់នេះ ។ កិច្ចព្រមព្រៀងនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាលពីដើមសប្តាហ៍នេះ ហើយថែមទាំងបានទទួលការបន្តពីគណៈកម្មាការរដ្ឋាភិបាលនៃប្រទេសរុស្ស៊ីស្តីពីការលក់ទ្រព្យសម្បត្តិបរទេសផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុន Hyundai បាននិយាយថា ខ្លួននឹងខាតបង់ទឹកប្រាក់ ២៨៧ ពាន់លានវ៉ុន ស្មើនឹងទឹកប្រាក់ប្រមាណ ២១៩,១៩ លានដុល្លារ ហើយគ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងនេះនៅត្រឹមថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ។

ប្រតិបត្តិការនៅរោងចក្រក្នុងទីក្រុង St.Petersburg ត្រូវបានផ្អាកដំណើរការតាំងពីខែមីនាឆ្នាំ ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយរោងចក្រនេះមានសមត្ថភាពផលិតរថយន្តបានជាង ២០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម