ក្រុមហ៊ុន Hyundai ប្រចាំនៅសហរដ្ឋអាមេរិកបានប្រកាសអំពីលទ្ធផលមានការកើនឡើងលើសពីពីរដងក្នុងខែមេសាឆ្នាំ២០២១ បើប្រៀបនឹងចំនួនលក់កាលពីខែមេសាឆ្នាំ២០២០កន្លងទៅ។ នេះមានន័យថាក្រុមហ៊ុនអាចលក់រថយន្តបាន ៧៧ ៥២៣គ្រឿង ដែលជាកំណត់ត្រាលក់ប្រចាំខែខ្ពស់បំផុតសម្រាប់ម៉ាករថយន្តនេះ។
ចំនួនលក់សម្រាប់រថយន្ត SUV មានកំណើនដល់ ១៣៧%, សម្រាប់រថយន្ត Sedan មានកំណើន ១៦៣% និងចំនួនលក់នៃរថយន្តជួយបរិស្ថានមានកំណើន ៦៤០% បើធៀបនឹងខែមេសាឆ្នាំមុន។
រថយន្តដែលឃើញថាមានការកើនឡើងចំនួនលក់ច្រើនជាងគេគឺរថយន្ត Nexo ដែលចំនួនលក់បានកើនឡើងរហូតដល់ ៥០០% ប៉ុន្តែសរុបជាតួលេខគឺលក់បានត្រឹម ១៨គ្រឿងប៉ុណ្ណោះ។ ចំណែករថយន្តដែលលក់ដាច់បានច្រើនជាងគេគឺរថយន្ត Tucson ដែលលក់បាន ១៦ ៩០១គ្រឿង តាមពីក្រោយដោយរថយន្ត Elantra (១៤៣៥៨គ្រឿង), Santa Fe(១០៤៧០គ្រឿង), Kona (១០២៦៧គ្រឿង), Sonata (១០២១៦គ្រឿង) និង Palisade (៨២៧៨គ្រឿង)៕