ក្រុមហ៊ុន Infiniti បានប្រកាសចេញនូវតម្លៃលក់នៃរថយន្ត Q50 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ មុនពេលវាមកដល់ Showroom នាចុងខែនេះ។
រថយន្ត Infiniti Q50 ឆ្នាំ២០២២ ចែកចេញជា ៣ ម៉ូដែល គឺ Luxe, Sensory និង Red Sport 400។ លក្ខណៈពិសេសសំខាន់ៗមួយចំនួនលើរថយន្តនេះមានដូចជា ពូកស្បែក, កញ្ចក់ក្តោបអូតូ, Memory Seat, Individual Intelligent Keys និងប្រព័ន្ធសំឡេង Bose Performance Series Audio ជាដើម។ ជាមួយគ្នានេះដែរ Q50 ឆ្នាំ២០២២ បានបន្ថែមមុខងារ Apple CarPlay ឥតប្រើខ្សែ ទៀតផង។
សូមបញ្ជាក់ថា រថយន្ត Q50 Luxe និង Sensory ប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០០សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ខណៈ Q50 Red Sport 400 ប្រើម៉ាស៊ីនដូចគ្នា តែមានកម្លាំងដល់ ៤០០សេះ និងកម្លាំងរមួល ៤៧៤ញ៉ូតុនម៉ែត្រ។ គ្រប់ម៉ូដែលប្រើប្រអប់លេខអូតូ ៧វគ្គ និងប៉ុងមួយវិលកង់ក្រោយមកស្តង់ដារ តែក៏មាន Option ប៉ុងពីរផងដែរ។
ចំពោះតម្លៃវិញ រថយន្ត Infiniti Q50 Luxe ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៤២ ១០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈពេលដែល Q50 Sensory មានតម្លៃចាប់ពី ៤៧ ៨០០ដុល្លារ និង Q50 Red Sport 400 មានតម្លៃចាប់ពី ៥៥ ៩៥០ដុល្លារ៕