ISUZU បញ្ចេញតម្លៃ D-MAX EV នៅអង់គ្លេស ថ្លៃជិត ១០មុឺនដុល្លារ!

បន្ទាប់ពីប្រកាសបង្ហាញចេញកាលពីឆ្នាំមុន ពេលនេះ ក្រុមហ៊ុន Isuzu បានប្រកាសបើកកក់ជាផ្លូវការនូវរថយន្តភីកអាប់អគ្គិសនី ISUZU D-MAX EV របស់ខ្លួននៅក្នុងទីផ្សារចក្រភពអង់គ្លេសហើយ ជាមួយតម្លៃលក់ចាប់ពី ៨០ ៨០០ដុល្លារ ដល់ ៨៤ ២០០ដុល្លារ ហើយគ្រោងនឹងប្រកាសចែកចាយទៅកាន់អតិថិជនជាផ្លូវការនៅក្នុងខែកុម្ភៈ ក្នុងឆ្នាំ២០២៦ ខាងមុុខនេះ​។

ក្នុងនោះ រថយន្តនេះ គឺត្រូវបានផលិតឡើងលើកគ្រោងឆ្អឹង Isuzu Dynamic Mobility Driving Platform មានប្រវែងតួខ្លួនសរុប ៥ ២៨០ ម.ម ទទឹង ១ ៨៧០ ម.ម កម្ពស់ ១ ៨១០ ម.ម កម្ពស់ពីដីទៅបាតរថយន្ត ២១០ ម.ម ទម្ងន់ ២ ៣៥០ គីឡូក្រាម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២៤ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (4WD) អាចផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ អាចបើកបរពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ១០,១វិនាទី មានល្បឿនអតិបរមា ១២៩គ.ម/ម៉ោង ផ្គួបជាមួយអាគុយទំហំ ៦៦,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានបើកចម្ងាយ ២៦៣ គីឡូម៉ែត្រ (WLTP) នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មកម្លាំង ៥០ គីឡូវ៉ាត់ អាចសាកបានពី ២០ ទៅ ៨០% ដោយប្រើរយៈពេលតែ ៦០នាទី ប៉ុណ្ណោះ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធបូមផ្នែកខាងក្រោយប្រភេទ De-Dion suspension ថ្មីផងដែរ ដែលអាចផ្ទុកទម្ងន់បានចំនួន ១ ០១០ គីឡូក្រាម និងអូសសណ្តោងបានចំនួន ២ ៣៥០ គីឡូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងវិញ គឺមិនមានអ្វីខុសប្លែកពីម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតនោះឡើយ ដោយផ្នែកខាងមុខមានប៉ាណាទំហំធំ អបសងខាងដោយចង្កៀងមុខប្រភេទ bi-LED ក៏ដូចជាសេនស័រជំនួយដល់ប្រព័ន្ធចេញ-ចូលចំណត កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ជាដើម។

គួរបញ្ជាក់ថា បើប្រៀបធៀបតម្លៃខាងលើនេះទៅនឹងជម្រើសប្រើម៉ាសុីនម៉ាស៊ូត គឺមានភាពខុសគ្នាដល់ទៅ ២ដង ឯណ្ណោះ ខណៈតម្លៃនេះទៀតសោកក៏មិនទាន់រាប់បញ្ជូលពន្ធផងដែរ ប៉ុន្តែបើរាប់បញ្ជូលទាំងពន្ធ VAT ២០ភាគរយ របស់ប្រទេសអង់គ្លេស គឺមានតម្លៃដល់ទៅ ៩៧ ២០០ដុល្លារ ឯណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម