ក្រុមហ៊ុន Isuzu Malaysia បានប្រកាសធ្វើការបើកកក់ជាផ្លូវការសម្រាប់រថយន្តភីកអាប់ Isuzu D-Max Low-Ride 4×2 ស៊េរីឆ្នាំ ២០២៥ ដែលជាជម្រើសតួទាប មានការរចនាជាពិសេសផ្តោតលើការដឹកជញ្ជូនជាធំ ហើយសម្រាប់ជម្រើសថ្មីនេះត្រូវបានគេរំពឹងថានឹងធ្វើការចាប់ផ្តើមដឹកជញ្ជូនដល់អតិថិជននៅក្នុងខែក្រោយនេះ ជាមួយនឹងតម្លៃលក់ខ្ទង់ ២១ ២០៥ ដុល្លារ ពោលគឺមានតម្លៃទាបជាង 1.9 L Single Cab 4×4 MT ។
ក្នុងនោះ រថយន្ត Isuzu D-Max Low-Ride ស៊េរីឆ្នាំ២០២៥ ថ្មីនេះ បានចែករំលែកនូវភាពស្រដៀងគ្នាមួយចំនួនជាមួយនឹងរថយន្ត Isuzu D-Max 1.9-liter Single Cab ដោយបានរួមបញ្ចូលនូវម៉ាស៊ីនម៉ាស៊ូត turbo ចំណុះ ១,៩លីត្រ ដែលមានកម្លាំង ១៤៨សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ និងប្រអប់លេខដៃ ៦ វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរថែមទៀតផង។
សម្រាប់ការរចនា Isuzu D-Max Low-Ride ស៊េរីឆ្នាំ២០២៥ ថ្មី មានពណ៌តែមួយប៉ុណ្ណោះគឺ Splash White និងមានគោលបំណងចម្បងរបស់វាដូចដែលបានពិពណ៌នាខាងលើគឺដើម្បីដឹកជញ្ជូនសម្ភារៈ និងទំនិញ។ លើសពីនេះ Isuzu D-Max Low-Ride ស៊េរីឆ្នាំ២០២៥ ក៏បានភ្ជាប់មកជាមួយនូវមុខងារសុវត្ថិភាពមួយចំនួនផងដែរមានដូចជា ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធហ្វ្រាំងជំនួយ (BA), ប្រព័ន្ធគ្រប់គ្រងការអូសទាញ (TCS), ប្រព័ន្ធជំនួយពេលឡើងភ្នំ (HSA) និងពោងសុវត្ថិភាព៕