Jaguar ចេញឡាន XE និង XF ឆ្នាំ២០២៣ ថ្មី ថែមម៉ូដែល 300 Sport និងអាប់ដេតបច្ចេកវិទ្យា

ក្រុមហ៊ុន Jaguar បានប្រកាសចេញរថយន្ត XE និង XF ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប ដោយពួកវាទទួលបានការអាប់ដេតជាច្រើន។

អ្វីដែលជាការអាប់ដេតធំបំផុតនោះគឺ ការបន្ថែមម៉ូដែល 300 Sport ដែលមានបំពាក់ Option “Black Pack” មកស្តង់ដារ ក៏ដូចជា កញ្ចក់ខ្មៅ និង ដំបូលខ្មៅរលោងទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

XE 300 Sport ប្រើយ៉ាន់កង់ទំហំ ២០អ៊ីញ ពណ៌ប្រផេះក្រម៉ៅ ខណៈ XF Saloon និង XF Sportbrake ប្រើយ៉ាន់ពណ៌ទឹកប្រាក់រលោង ហាយឡាយពណ៌ខ្មៅរលោង ទំហំ ២០អ៊ីញ។ ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់ gearshift paddles ដែក និង ឈ្នាន់ហ្គែរ alloy ទៀតផង។

គួរឲ្យដឹងថា ចំពោះទីផ្សារអឺរ៉ុប រថយន្តទាំងពីរម៉ូដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩៦សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរមកស្តង់ដារតែម្តង។ ចំពោះម៉ូដែល XE 300 Sport អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៦វិនាទី ខណៈ XF 300 Sport Saloon អាចធ្វើបានក្នុងពេល ៥,៨វិនាទី ឯ XF 300 Sport Sportbrake ចំណាយបេល ៥,៩វិនាទី។

ដោយឡែក ចំពោះទីផ្សារពិភពលោកវិញ វាមានជម្រើសម៉ាស៊ីនចំនួន ៣ អាស្រ័យលើទីផ្សារ គឺ ម៉ាស៊ីនសាំង turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៧សេះ និង កម្លាំង ២៩៦សេះ ព្រមទាំង ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយបច្ចេកវិទ្យា mild-hybrid technology មានកម្លាំង ២០១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម