[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover បានធ្វើការប្រកាសថាខ្លួនបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាច្រើនឆ្នាំជាមួយអ្នកជំនាញកុំព្យូទ័រ NVIDIA ។ ផែនការនេះគឺដើម្បីរួមគ្នាអភិវឌ្ឍការបើកបរដោយស្វ័យប្រវត្តិជំនាន់ក្រោយ និងសេវាកម្មដែលអាចប្រើ AI សម្រាប់អតិថិជនរបស់ខ្លួន។
ក្រុមហ៊ុនបានប្រកាសថាចាប់ពីឆ្នាំ ២០២៥ តទៅ រថយន្ត Jaguar និង Land Rover ថ្មីទាំងអស់នឹងត្រូវបានប្រើប្រាស់នៅលើគ្រោងឆ្អឹង NVIDIA DRIVE software platform ដែលនេះនឹងផ្តល់នូវសុវត្ថិភាព, ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ និងការចតរថយន្ត ព្រមទាំងប្រព័ន្ធជំនួយអ្នកបើកបរផងដែរ។ ក្នុងនោះ លក្ខណៈពិសេស AI នឹងអនុញ្ញាតឲ្យរថយន្តត្រួតពិនិត្យអ្នកបើកបរ និងបរិយាកាសរបស់រថយន្តជាដើម។
ក្នុងនោះ លោក Thierry Bollore នាយកប្រតិបត្តិនៃក្រុមហ៊ុន JLR បាននិយាយថា “Jaguar Land Rover នឹងក្លាយជាអ្នកបង្កើតរថយន្ត និងសេវាកម្មដ៏ប្រណិតដែលគួរឲ្យចង់បានបំផុតរបស់ពិភពលោកសម្រាប់អតិថិជនដែលយល់ច្បាស់បំផុត” ។ “ភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងរបស់យើងជាមួយ NVIDIA នឹងផ្តល់អោយនូវមហិច្ឆតាសម្រាប់រថយន្តនាពេលអនាគតរបស់យើង នៅពេលដែលអាជីវកម្មបន្តការផ្លាស់ប្តូររបស់ខ្លួនទៅជាមហាអំណាចឌីជីថលសកល។”
ប្រព័ន្ធនេះនឹងផ្អែកលើ NVIDIA DRIVE Hyperion ដែលមានលក្ខណៈពិសេស DRIVE Orin Conputer AV, កម្មវិធី DRIVE AV និង DRIVE IX software ព្រមទាំងប្រព័ន្ធបណ្តាញ និង sensorជុំវិញផងដែរ។ Jaguar Land Rover បញ្ជាក់ថា DRIVE Orin computer ប្រៀបដូចជាខួរក្បាលរបស់រថយន្ត ចំណែកប្រព័ន្ធ Drive Hyperion គឺជាប្រព័ន្ធសរសៃប្រសាទនៅចំកណ្តាល។
ទន្ទឹមនឹងនេះ លោក Jensen Huang ស្ថាបនិក និងជានាយកប្រតិបត្តិនៃ NVIDIA បាននិយាយថា “រថយន្តជំនាន់ក្រោយនឹងប្រែក្លាយរថយន្តទៅជាឧស្សាហកម្មបច្ចេកវិទ្យាធំបំផុត និងទំនើបបំផុតមួយ។ យើងមានសេចក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Jaguar Land Rover ដើម្បីអនាគតនៃការផ្លាស់ប្តូរ និងបង្កើតរថយន្តទំនើបបំផុត”៕