Jaguar Land Rover ផ្អាកការលក់រថយន្ត ទៅប្រទេសរុស្ស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុន Jaguar Land Rover (JLR) និយាយថា ខ្លួនបានផ្អាកការដឹកជញ្ជូនរថយន្តរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី ដោយសារតែ “បញ្ហាប្រឈមក្នុងការជួញដូរ”។

ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Coventry និងរោងចក្រនៅ Castle Bromwich និង Solihull បានលក់រថយន្តចំនួន ៦ ៩០០ គ្រឿងទៅឲ្យយប្រទេសរុស្ស៊ី កាលពីឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គេ​គិត​ថា​ ទណ្ឌកម្ម​ដែល​ដាក់​ដោយ​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក កំពុង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​សម្រាប់ ក្រុមហ៊ុន Jaguar Land Rover ក្នុង​ការ​លក់​រថយន្ត​ចូល​ទីផ្សាររុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Jaguar Land Rover មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែម ពាក់ព័ន្ធនឹងរឿងរ៉ាវនេះឡើយ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស ដែលគ្រប់គ្រងដោយក្រុមហ៊ុនឥណ្ឌា Tata Motors ខាងលើ មានរោងចក្រផលិតនៅអឺរ៉ុប ដែលមានមូលដ្ឋាននៅប្រទេសស្លូវ៉ាគី ប៉ុន្តែវាមិនមានកន្លែងផលិតនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែននោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម