ក្រុមហ៊ុនរថយន្តអង់គ្លេស Jaguar Land Rover បានជួបប្រទះនឹងការខាតបង់ទឹកប្រាក់រាប់រយលានដុល្លារនៅក្នុងត្រីមាសទីបី ដោយសារការលក់ធ្លាក់ចុះ ដែលវិបត្តិឈីបសកលជាដើមហេតុ។
ក្រុមហ៊ុននេះអាចជញ្ជូនរថយន្តជូនអតិថិជនរថយន្តបានសរុប ៦៤ ០៣២គ្រឿង នៅចន្លោះខែកក្កដា និងខែកញ្ញា ដែលមានការថយចុះ ១២,៨% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០។ ចំណែកឯការលក់រាយក៏ធ្លាក់ចុះ ១៨,៤% ផងដែរ ដោយមានចំនួន ៩២ ៧១០គ្រឿង។
ការលក់នៅអាមេរិកខាងជើងបានធ្លាក់ចុះ ១៥,៦% ខណៈដែលនៅចិនមានការធ្លាក់ចុះ ៦,៣% ហើយនៅអឺរ៉ុបធ្លាក់ចុះ ១៧% ស្របពេលដែលនៅអង់គ្លេសធ្លាក់ចុះរហូតដល់ ៤៧,៦% ឯណោះ។ រថយន្តដែលលក់ដាច់ជាងគេគឺ Land Rover Defender ដែលលក់បាន ១៦ ៧២៥គ្រឿង កើនឡើង ៧០,៤% ធៀបនឹងត្រីមាសទីបីឆ្នាំ២០២០។
គួរដឹងថា JLR អាចរកប្រាក់ចំណូលបានសរុបប្រមាណ ៥,៣ពាន់លានដុល្លារ ក្នុងត្រីមាសទីបី ខណៈដែលការខាតបង់មុនពេលគិតពន្ធគឺមានរហូតដល់ ៤១២លានដុល្លារ។