Jaguar Land Rover បង្ខំចិត្តបន្ថយទំហំផលិតដល់ដើមឆ្នាំ២០២៣ ដោយសារវិបត្តិខ្វះឈីប

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Jaguar Land Rover កំពុងកាត់បន្ថយការផលិតនៅរោងចក្រនៅឯប្រទេស​អង់គ្លេស​រហូតដល់ខែមីនា ឆ្នាំ២០២៣ ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតឈីបដែលបញ្ហានេះបានប៉ះទង្គិចដល់ក្រុមហ៊ុនអង់គ្លេសមួយនេះខ្លាំងជាងក្រុមហ៊ុនដទៃ។

ការផលិតរថយន្ត Range Rover Velar និង Jaguar F-Pace នៅរោងចក្រខាងលើនឹងត្រូវកាត់បន្ថយរហូតដល់ដើមឆ្នាំក្រោយតាមរយៈការបន្ថយការផលិតពីពីរវេនមកនៅត្រឹមមួយវេន ដែលវានឹងអាចឲ្យក្រុមហ៊ុនផ្ដោតលើការផលិតរថយន្តដែលផ្ដល់ប្រាក់ចំណេញបានខ្ពស់ជាងគឺម៉ូដែល Range Rover និង Range Rover Sport ជំនាន់ថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត័មានជាច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថាវេនបន្ថែមនឹងត្រូវដាក់បញ្ចូលដើម្បីអាចបង្កើនការផលិតតួខ្លួននៃរថយន្ត Range Rover ហើយវិបសាយនេះអះអាងថាការផលិតនៅរោងចក្រ Halewood ដែលផលិតរថយន្ត Evoque និងរថយន្ត Discovery Sport នឹងត្រូវកាត់បន្ថយ ខណៈការផលិតរថយន្ត Defender នៅរោងចក្រ Nitra ក្នុងប្រទេសស្លូវ៉ាគីមិនប៉ះពាល់ឡើយ។

ក្រុមហ៊ុនរថយន្តជាច្រើនបានជួបប្រទះបញ្ហានៃការផ្គត់ផ្គង់ឈីបកាលពីឆ្នាំមុន ខណៈដែលបានជួបបញ្ហាដោយសារជំងឺកូវីដ១៩ម្ដងរួចមកហើយដែលបាននាំមានការកាត់បន្ថយការផលិត។ ប៉ុន្តែក្រុមហ៊ុន Jaguar Land Rover ហាក់យឺតយ៉ាវក្នុងការងើបខ្លួនពីវិបត្តិខ្វះខាតឈីប ដោយក្រុមហ៊ុននៅមានការកុម្ម៉ង់ចំនួនជាង ២០ម៉ឺនគ្រឿង ត្រូវបំពេញជូនអតិថិជន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម