[ទីផ្សារបរទេស] ក្រុមហ៊ុន Jaguar Land Rover (JLR) និយាយថា ខ្លួនបានផ្អាកការដឹកជញ្ជូនរថយន្តរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី ដោយសារតែ “បញ្ហាប្រឈមក្នុងការជួញដូរ”។
ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Coventry និងរោងចក្រនៅ Castle Bromwich និង Solihull បានលក់រថយន្តចំនួន ៦ ៩០០ គ្រឿងទៅឲ្យយប្រទេសរុស្ស៊ី កាលពីឆ្នាំមុន។
គេគិតថា ទណ្ឌកម្មដែលដាក់ដោយចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងធ្វើឲ្យមានការលំបាកសម្រាប់ ក្រុមហ៊ុន Jaguar Land Rover ក្នុងការលក់រថយន្តចូលទីផ្សាររុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Jaguar Land Rover មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែម ពាក់ព័ន្ធនឹងរឿងរ៉ាវនេះឡើយ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស ដែលគ្រប់គ្រងដោយក្រុមហ៊ុនឥណ្ឌា Tata Motors ខាងលើ មានរោងចក្រផលិតនៅអឺរ៉ុប ដែលមានមូលដ្ឋាននៅប្រទេសស្លូវ៉ាគី ប៉ុន្តែវាមិនមានកន្លែងផលិតនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែននោះទេ៕