ក្រុមហ៊ុន Jaguar Land Rover នាពេលកន្លងមកត្រូវបានគេដឹងថាជួបបញ្ហាខ្លះៗទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ ហើយថ្ងៃនេះមានដំណឹងល្អមួយ ដោយផ្អែកតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា JLR ទទួលបានកញ្ចប់ប្រាក់កម្ចី ៧០៥ពាន់លានដុល្លារ ពីធនាគារចំនួនបួនរបស់ចិន។ ប្រាក់កម្ចីនេះគឺមានរយៈពេល ៣ឆ្នាំ ដែលអាចឲ្យ JLR គ្រប់គ្រងលើចរន្តសាច់ប្រាក់បានកាន់តែល្អប្រសើរ អំឡុងពេលជួបវិបត្តិកូវីដ១៩។
គួរដឹងថាបញ្ហាហិរញ្ញវត្ថុរបស់ JLR គឺកើតមានតាំងពីមុនរងការវាយប្រហារពីជំងឺកូវីដ១៩ទៅទៀត។ នៅចុងឆ្នាំ ២០១៨ ក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់ទឹកប្រាក់ដល់ ១១៣ពាន់លានដុល្លារ។ ក្រោយមក JLR ក៏បានចាប់ផ្ដើមអនុវត្តន៍វិធានការកាត់បន្ថយការចំណាយ ដូចជាជម្រុះបុគ្គលិករាប់ពាន់នាក់ និងបោះបង់ចោលគម្រោងការផលិតរថយន្ត Range Rover SV Coupe លក់ថែមទៀតផង។
តាមរយៈផែនការកាត់បន្ថយការចំណាយនេះ គ្រប់យ៉ាងក៏ចាប់ផ្ដើមវិលទៅរកភាពល្អប្រសើរបន្តិចម្ដង ប៉ុន្តែចុងក្រោយបែរជាត្រូវជួបបញ្ហាម្ដងទៀតរឿងវិបត្តិកូវីដ១៩។ ជាមួយប្រាក់កម្ចីដ៏ច្រើនមហាសាលនេះមិនត្រឹមតែជួយទប់ទល់ស្ថានការណ៍នាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែក៏អាចឲ្យ JLR បន្តការអភិវឌ្ឍន៍រថយន្តថ្មីដូចជា Jaguar XJ ជំនាន់ថ្មី ដែលរំពឹងថាមានជាប្រភេទអគ្គិសនីសុទ្ធ សម្រាប់ប្រកួតប្រជែងនឹង Tesla Model S និង Porsche Taycan ផងដែរ៕