ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Jaguar Land Rover មានរថយន្តសំខាន់ ៥ ម៉ូដែលថ្មី កំពុងស្ថិតក្នុងដំណើរការផលិត ដែលរំពឹងថានឹងជួយធានានូវជោគជ័យរយៈពេលយូរអង្វែងមួយ។ នេះបើតាមការផ្សាយរបស់វិបសាយរថយន្ត Autocars។
ម៉ូដែលដំបូងគេពីក្រុមហ៊ុន Jaguar Land Rover គឺរថយន្តម៉ូដែល Defender ជំនាន់ថ្មី ដែលនឹងបង្ហាញមុខជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពីក្រុមហ៊ុនបានបង្ហើបពីរូបរាងថ្មីជាច្រើនលើកច្រើនសារ។ Defender នេះត្រូវបានគេរំពឹងថានឹងមិនអាចលក់ចេញបានច្រើនណាស់ណានោះទេ ប៉ុន្តែវាជារថយន្តសំខាន់មួយសម្រាប់ម៉ាក Jaguar Land Rover ដែលជាម៉ូដែលមានប្រវត្តិយូរឆ្នាំមកហើយ។
បន្ទាប់ពីម៉ូដែល Defender គឺបានបញ្ចេញរថយន្តអគ្គិសនីថ្មីស្នងតំណែងរថយន្ត Jaguar XJ ដែលកំពុងស្ថិតក្នុងដំណាក់កាលផលិត។ រថយន្តថ្មីនេះក៏នឹងមានជាជម្រើស Plug-in Hybrid សម្រាប់ចេញលក់ដំណាលគ្នា។
ក្រោយពី XJ ថ្មី ក្រុមហ៊ុននឹងបញ្ចេញម៉ូដែល J-Pace ជាប្រភេទរថយន្ត SUV ថ្មី ដែលនឹងមានទំហំធំ និងប្រណីតជាងម៉ូដែល F-Pace។ មានការចុះផ្សាយពីខាងក្រុមហ៊ុនផ្ទាល់ ដែលបានបញ្ជាក់អំពីវត្តមានរថយន្តនេះ ហើយវាអាចមានជាប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធផងដែរ។
បកទៅ Land Rover វិញ នឹងមានម៉ូដែលទី ៥ ចូលរួមជាមួយគ្រួសារ Range Rover ដែលនឹងប្រកាសចេញនៅចុងឆ្នាំ ២០២១។ ម៉ូដែលថ្មីនេះ អាចនឹងស្ថិតនៅចន្លោះម៉ូដែល Evoque និង Velar ហើយវាអាចជាម៉ូដែល Range Rover ដំបូងដែលមានជម្រើសប្រើថាមពលអគ្គិសនីសុទ្ធផងដែរ។
ម៉ូដែលចុងក្រោយដែលជាអាវុធសំខាន់របស់ Jaguar Land Rover សម្រាប់ពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ គឺរថយន្ត Land Rover Range Rover ជំនាន់ថ្មី ដែលមានរចនាបថរូបរាងថ្មីទាំងស្រុង៕