Jaguar ហ៊ាន​ឲ្យ ៣ ពាន់ដុល្លារ ដល់​ម្ចាស់​រថយន្ត Tesla

ដើម្បី​ជំរុញ​ដល់​ការ​លក់​រថយន្ត​អគ្គិសនី​ប្រណីត​របស់​ខ្លួន​ម៉ូដែល I-Pace ក្រុមហ៊ុន​រថយន្ត​ Jaguar ​នៅ​អាមេរិក​បាន​បង្កើត​នូវ​​យុទ្ធសាស្ត្រ​ពិសេស​ ​សង្ឃឹម​ថា​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ជិះ​រថយន្ត​អគ្គិសនី​របស់ Tesla។

Jaguar ហ៊ាន​​បញ្ចុះ​តម្លៃ ៣ ០០០ ដុល្លារ​លើ​រថយន្ត​ I-Pace របស់​ខ្លួន​ ដល់​ម្ចាស់​រថយន្ត​ Tesla Model S, Model X និង Model 3 ហើយ​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​មាន​មេ​គ្រួសារ​ប្រើ​រថយន្ត Tesla ប្រភេទ​ទាំង​នេះ ក៏​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​នេះ​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​នេះ​នៅ​មាន​ការ​បញ្ចុះ​តម្លៃ​លក់​ ៥ ០០០ ដុល្លារ និង​ក្រេដីត​ចំនួន ៧ ០០០ ដុល្លារ​ ដែល​សរុប​ទៅ​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ១៥ ០០០ ដុល្លារ​​សម្រាប់​ការ​ទិញ​ I-Pace។ ជា​មួយ​កញ្ចប់​បញ្ចុះ​តម្លៃ​នេះ រថយន្ត​ I-Pace នឹង​សល់​តម្លៃ​​​ចាប់​ពី​ត្រឹម​ ៥៤ ៥០០ ដុល្លារ​ប៉ុណ្ណោះ។

​​បញ្ជាក់​ថា​ ដើម្បី​បាន​ការ​បញ្ចុះ​តម្លៃ​នេះ ម្ចាស់​រថយន្ត Tesla មិន​បាច់​យក​រថយន្ត​របស់​ខ្លួន​មក​ប្ដូរ​នោះ​ទេ ពោល​គ្រាន់​តែ​បង្ហាញ​លិខិត​បញ្ជាក់​ភាព​ជា​ម្ចាស់​រថយន្ត​ Tesla តែ​ប៉ុណ្ណោះ។ រថយន្ត I-Pace មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ អាច​ផលិត​កម្លាំង​បាន ៤០០ សេះ ជា​មួយ​អាគុយ​ថាមពល​ ៩០ គីឡូវ៉ាត់​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម