ក្រុមហ៊ុនរថយន្ត Jeep បានធ្វើការអបអរសាទរខួប ៨០ឆ្នាំរបស់ខ្លួនជាមួយ ការបង្ហាញនូវរថយន្តប្រភេទ Special Edition ថ្មី ចំនួន ៦ម៉ូឌែលផងដែរ។
តាមសម្តីលោក Jim Marrison ប្រធានផ្នែកម៉ាកយីហោប្រចាំក្រុមហ៊ុន Jeep បានលើកឡើងថា៖ “ស្ទើរតែរយះពេលជិត ៨០ឆ្នាំហើយ ដែលម៉ាកយីហោនេះ នាំយកនូវកំពូលរថយន្ត ប្រភេទ SUV ពិតៗ និងនូវតែបន្តការអភិវឌ្ឍន៍សមត្ថភាពប៉ុង២ សម្រាប់ដំណើរផ្សងព្រេង និងលក្ខណៈ ខ្យល់អាកាសបរិសុទ្ធ។ ក្នុងឱកាសអបអរសាទរខួប ៨ឆ្នាំរបស់យើង យើងចង់ផ្តល់អោយ អតិថិជនរបស់យើង ជាមួយនិងម៉ូឌែល 80th Anniversary ដែលផ្តល់នូវភាពខុសប្លែកនៃរូបរាង តម្លៃសមរម្យ សុវត្តិភាព និងបច្ចេកវិទ្យា”។
- ម៉ូឌែល Jeep Renegade 80th Anniversary សេរ៊ីឆ្នាំ២០២១ មានជម្រើស ៨ពណ៍ ជាមួយនិងតម្លៃចាប់ពី ២៧ ៥៩៥ដុល្លារ ប្រភេទប៉ុង២ (៤x៤) ដែលបំពាក់ជាមួយ ថាសកង់ប្រភេទ Granite Crystal ទំហំ ១៩អ៊ីញ ប្រព័ន្ធកំសាន្តទំហំ ៨,៤អ៊ីញ និងប្រព័ន្ធបញ្ជារម៉ាស៊ីនត្រជាក់ ២តំបន់ចែកដាច់ពីគ្នា។
- ម៉ូឌែល Jeep Compass 80th Anniversary សេរ៊ីឆ្នាំ២០២១ បំពាក់មកជាមួយ ប្រព័ន្ធកំសាន្ត Uconnect ទំហំ ៨,៤អ៊ីញ ប្រព័ន្ធការពារការស្រអាប់កញ្ជក់ក្រោយ ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ នឹងមានជម្រើស ៨ពណ៍ ជាមួយនិងតម្លៃ ២៩ ៦៩៥ដុល្លារ។
- ម៉ូឌែល Jeep Cherokee 80th Anniversary Edition សេរ៊ីឆ្នាំ២០២១ មានតម្លៃចាប់ពី ៣៣ ៨០៥ដុល្លារ មាន ៩ពណ៍សម្រាប់ជ្រើសរើស ដែលបំពាក់ជាមួយ យ៉ាន់កង់ប្រភេទ Granite Crystal ទំហំ ១៩អ៊ីញ ប្រព័ន្ធកំសាន្តទំហំ ៨,៤អ៊ីញ ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ និងប្រព័ន្ធដំណើរការ ដំបូលបើក ២ប្លុក។
- ម៉ូឌែល Jeep Grand Cherokee 80th Anniversary Edition សេរ៊ីឆ្នាំ២០២១ មានជម្រើស ៦ពណ៍ ជាមួយនិងតម្លៃចាប់ពី ៤៤ ៣៣៥ដុល្លារ ព្រមទាំងបំពាក់ជាមួយ ថាសកង់ទំហំ ២០អ៊ីញ ប្រព័ន្ធកំសាន្ត ប្រភេទ Touchscreen ទំហំ ៨,៤អ៊ីញ កៅអីស្បែក និង ប្រព័ន្ធសុវត្តិភាព ProTech II ។
- ភីកអាប់ Jeep Gladiator 80th Anniversary Edition សេរ៊ីឆ្នាំ២០២១ ចំពោះតម្លៃរបស់ភីកអាប់នេះគឺចាប់ពី ៤១ ៧៤០ដុល្លារ នឹងជម្រើស ៧ពណ៍សម្រាប់ជ្រើសរើស ស្រោបដោយកៅអី រំលេចដោយពាក្យ 80th Anniversary ។
- ម៉ូឌែល Jeep Wrangler 80th Anniversary Edition សេរ៊ីឆ្នាំ២០២១ មានតម្លៃ ៣៥ ៩៩០ដុល្លារ (ប្រភេទទ្វា២) និង ៣៩ ៤៩០ដុល្លារ (ប្រភេទទ្វា៤) ព្រមទាំងមានជម្រើស ៨ពណ៍សម្រាប់ជ្រើសរើស និងបំពាក់មកជាមួយថាសកង់ទំហំ ១៨អ៊ីញ។