រថយន្ត Jeep Compass ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារប្រទេសអូស្ត្រាលី ដោយទទួលបានការអាប់ដេតរូបរាង ហើយបន្ថែមម៉ូដែលថ្មីមួយទៀតហៅថា Compass Trailhawk។
Jeep Compass ឆ្នាំ២០២២ បានអាប់ដេតទៅលើចង្កៀងមុខ LED និងប៉ាណាមុខ ហើយបានប្តូរទីតាំងអំពូលកាត់អ័ព្ទ និងមានអំពូល LED Daytime Running Light ទៀតផង។ SUV ខ្នាតតូចនេះមានបំពាក់អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញទៀតផង។
ឥឡូវនេះ Jeep Compass ថ្មីមានជម្រើសរហូតដល់ទៅ ៤ម៉ូដែល គឺ Down Under, Launch Edition, Limited និង Trailhawk។
Jeep Compass ប្រើម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៣សេះ ខណៈម៉ូដែល Trailhawk ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៧សេះ។ ម៉ាស៊ីនទាំងពីរជម្រើសនេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ។
សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី Jeep Compass ម៉ូដែល Launch Edition មានតម្លៃចាប់ពី ២៨ ២០០ដុល្លារ, ម៉ូដែល Limited មានតម្លៃចាប់ពី ៣៣ ២០០ដុល្លារ និង ៣៨ ៧០០ដុល្លារ សម្រាប់ម៉ូដែល Trailhawk៕