រថយន្ត Jeep Grand Cherokee ស៊េរីឆ្នាំ ២០១៩ បានបង្ហាញខ្លួន ជាមួយនឹងការអាប់ដេតថ្មីមួយចំនួន រួមទាំង ការបន្ថែមបច្ចេកវិទ្យាសុវត្ថិភាពមកស្តង់ដារ និង ម៉ូដែលថ្មីមួយទៀត គឺ Limited X។
Grand Cherokee គ្រប់ម៉ូដែល នឹងទទួលបានប្រព័ន្ធ Blind Spot Monitoring ជាមួយនឹង Rear Cross Path Detection , អេក្រង់ Uconnect Infotainment System ទំហំ ៨ អ៊ីញ ដែលមានមុខងារ Apple CarPlay និង Android Auto ហើយបង្ហាញរូបភាពបានច្បាស់ល្អ (HRD) មកស្តង់ដារតែម្តង។
វាបន្ថែមពណ៌ខាងក្រៅថ្មីចំនួន ៣ ផ្សេងទៀត ដូចជា ពណ៌ខៀវ (Slate Blue) , ពណ៌បៃតង (Green Metallic) និង ពណ៌ប្រផេះ (Sting Gray)។
អ្វីដែលពិសេសជាងគេនោះគឺ ការបន្ថែមម៉ូដែលថ្មី Grand Cherokee Limited X ដែលមានផ្នែកខាងមុខ និងខាងក្រោយប្លែក , គម្របម៉ាស៊ីនថ្មី , ពណ៌ប្រផេះ (Granite Crystal) និង យ៉ាន់ទំហំ ២០ អ៊ីញយ៉ាងស្រស់ស្អាតទៀតផង។ ចំពោះផ្នែកខាងក្នុងវិញ Limited X មានពណ៌ខ្មៅ , ប្រព័ន្ធសំឡេង Speaker ៩ គ្រាប់ និង បច្ចេកវិទ្យាសុវត្ថិភាពថ្មីស្តង់ដារជាច្រើនទៀតផងដែរ។
Grand Cherokee មានចំនួន ៥ ម៉ូដែលទៀត គឺ Limited, Overland, Summit, SRT និង Trackhawk។ ជាស្តង់ដារ វាប្រើម៉ាស៊ីនចំណុះ ៣,៦ លីត្រ ទំហំ ៦ ស៊ីឡាំង កម្លាំង ២៩៥ សេះ និង ម៉ាស៊ីនចំណុះ ៥,៧ លីត្រ ទំហំ ៨ ស៊ីឡាំង កម្លាំង ៣៦០ សេះ។
ដោយឡែក Grand Cherokee SRT ប្រើម៉ាស៊ីនចំណុះ ៦,៤ លីត្រ ទំហំ ៨ ស៊ីឡាំង កម្លាំង ៤៧៥ សេះ ហើយអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣ វិនាទី និងមានល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ចំណែកឯ Grand Cherokee Trackhawk វិញ ប្រើម៉ាស៊ីនចំណុះ ៦,២ លីត្រ Supercharged ទំហំ ៨ ស៊ីឡាំង កម្លាំង ៧០៧ សេះ ហើយអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៣ វិនាទី និងមានល្បឿនអតិបរមា ២៩០ គីឡូម៉ែត្រក្នុងមួយម៉ោង៕