[ទីផ្សារបរទេស] ក្រុមហ៊ុនចែកចាយ Jeep នៅប្រទេសវៀតណាម មានគម្រោងនឹងនាំចូលរថយន្ត Wagoneer ជាប្រភេទ SUV ខ្នាតធំនៅក្នុងឆ្នាំ ២០២២ នេះ។ ក្នុងនោះអ្នកតំណាងក្រុមហ៊ុន JVA ដែលជាអ្នកចែកចាយម៉ាករថយន្តម៉ាក Jeep និង Ram នៅប្រទេសវៀតណាមបាននិយាយថា “ផែនការលក់ Wagoneer មានរួចហើយ ប៉ុន្តែការកំណត់រចនាសម្ព័ន្ធ និងចំនួនរថយន្ត SUV នេះដែលការបញ្ជាទិញគឺនៅតែរង់ចាំការពិចារណា” ។
សម្រាប់រថយន្ត Wagoneer នៅសហរដ្ឋអាមេរិកមាន ២ប្រភេទ ដូចជា Wagoneer ស្តង់ដារមានតម្លៃចាប់ពី ៥៨ ៩៩៥ ដុល្លារ និងប្រភេទកាន់តែទំនើប Grand Wagoneer មានតម្លៃចាប់ពី ៨៨ ៥៩០ ដុល្លារ។ ខណៈ ម៉ូដែល SUV នេះមានប្រវែង ៥,៤៥៣ ម.ម, ទទឹង ២,១២៣ ម.ម, កម្ពស់ ១,៩២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,១២៤ ម.ម។
ចំពោះផ្នែកម៉ាស៊ីនរបស់ម៉ូដែលស្តង់ដារ Wagoneer ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៥,៧ លីត្រ V8 អាចផលិតកម្លាំងបាន ៣៩២ សេះ និងកម្លាំងរមួល ៥៤៧ ញ៉ូតុនម៉ែត្រ ។ ខណៈពេលដែលរថយន្ត Jeep Grand Wagoneer ក៏ប្រើប្រាស់ម៉ាស៊ីន V8 ជាមួយនឹងទំហំធំជាងនេះដោយមានចំណុះ ៦,៤ លីត្រ ផលិតកម្លាំងបាន ៤៧១ សេះ កម្លាំងរមួល ៦១៧ ញ៉ូតុនម៉ែត្រ និងភ្ជាប់មកជាមួយប្រអប់លេខអូតូ ៨ វគ្គ។
ជាមួយគ្នានេះ នៅក្នុងផ្នែករថយន្ត SUV ដែលមានទំហំធំ និងមានគោលបំណងសម្រាប់អតិថិជនជាលក្ខណៈគ្រួសារ ឬដឹកជញ្ជូនភ្ញៀវ VIP។ ដោយរថយន្ត Wagoneer ស្តង់ដារនៅក្នុងកាប៊ីនបំពាក់ជាមួយនឹងកៅអីពូកស្បែកប្រភេទអេឡិចត្រូននិច, កៅអីអ្នកបើកបរភ្ចាប់ដោយមុខងារកម្តៅ, អេក្រង់កម្សាន្ត touchscreen ទំហំ ១០,១ អ៊ីញ ភ្ជាប់ដោយមុខងារ Wi-Fi និងប្រព័ន្ធ GPS ផងដែរ៕