ក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្ត Wrangler ម៉ូដែលពិសេសថ្មី គឺ “1941 Limited Edition” សម្រាប់ទីផ្សារប្រទេសអង់គ្លេស ដោយដាក់លក់ក្នុងតម្លៃ ៨០ ៩០០ដុល្លារ ថ្លៃជាងប្រភេទធម្មតាដែលត្រឹម ៦៨ ១៤៥ដុល្លារប៉ុណ្ណោះ។
រថយន្ត Jeep Wrangler 1941 Limited Edition ត្រូវបានផលិតឡើងដើម្បីអបអរសាទរខួបលើកទី ៨០ឆ្នាំរបស់ម៉ាកយីហោនេះ។ វានឹងត្រូវផលិតមានចំនួនកំណត់ត្រឹមតែ ៤១គ្រឿងប៉ុណ្ណោះ ដោយទទួលបានការអាប់ដេតលើរូបរាង ក៏ដូចជាផ្នែកមេកានិច ដើម្បីជួយដល់ការបើកបរ Off-road ឲ្យកាន់តែប្រសើរទៀតផង។
លក្ខណៈពិសេសមួយចំនួនលើរថយន្តនេះមានដូចជា គ្រឿង Jeep Performance Parts and Mopar ដែលជួយលើកកម្ពស់បូម ២អ៊ីញ, របាំងភុកលាន, បន្ទះការពារបាតក្រោម, គម្របកន្លែងចាក់សាំង, តែម 1941 លើគម្របម៉ាស៊ីន និង ទ្រនាប់ជើងដែលប្រើបានគ្រប់រដូវកាល ជាដើម។
រថយន្តនេះមានបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ Multijet ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០០សេះ ដំណើរការដោយប្រអប់លេខអូតូ និងប៉ុងពីរ ហើយមានកម្រិតស៊ីប្រេងជាមធ្យម ៩,៦លីត្រ/១០០គីឡូម៉ែត្រ។ វានឹងផ្តល់ជម្រើសពណ៌ដូចជា ក្រហម (Firecracker Red), ខ្មៅ (Brilliant Black), ប្រផេះ (Granite Crystal) និង ទឹកប្រាក់ (Billet Silver)៕