[បរទេស] យោងតាមគេហទំព័រ CNBC បានឲ្យដឹងថានាយកប្រតិបត្តិក្រុមហ៊ុន Stellantis លោក Carlos Tavares បានបញ្ជាក់ថា ក្រុមហ៊ុន Jeep គ្រោងនឹងផលិតរថយន្តអគ្គិសនីសុទ្ធដែលមានតម្លៃ ២៥ ០០០ ដុល្លារនៅក្នុងសហរដ្ឋអាមេរិក ឆាប់ៗនេះ ។
ក្នុងនោះ លោកមិនបានចែករំលែកច្រើនទាក់ទងនឹងរថយន្តអគ្គិសនីថ្មីនេះទេ ប៉ុន្តែកត់សម្គាល់ថាវានឹងមានតម្លៃប្រហាក់ប្រហែលនឹងរថយន្តអគ្គិសនីសុទ្ធ Citroën e-C3 SUV ដែលមានតម្លៃលក់ ២៥ ២០០ ដុល្លារនៅទីផ្សារប្រទេសប៉ារាំង ។
ជាមួយគ្នានេះ រថយន្តអគ្គិសនីសុទ្ធរបស់ Jeep នេះ រំពឹងថាអាចនឹងបំពាក់ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១១១ សេះ និងអាគុយទំហំ ៤៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹងរថយន្តនេះ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕