Jeep អាចឈប់ផលិតឡានប្រើម៉ាស៊ីនម៉ាសូត ត្រឹមឆ្នាំ២០៣០

អនាគតរបស់ម៉ាស៊ីនចំហេះក្នុង គឺកំពុងស្ថិតក្នុងមន្ទិលសង្ស័យយ៉ាងខ្លាំង ហើយឥឡូវនេះក៏លេចឮដំណឹងមកថា Jeep អាចនឹងឈប់ផលិតរថយន្តប្រើម៉ាស៊ីនម៉ាស៊ូត ត្រឹមឆ្នាំ២០៣០ ខាងមុខ។

ក្នុងអំឡុងកិច្ចសម្ភាសន៍មួយនាពេលថ្មីៗនេះ នៅក្នុងប្រទេសអូស្ត្រាលី នាយកប្រតិបត្តិក្រុមហ៊ុន Jeep លោក Christian Meunier បានបញ្ជាក់ថា ម៉ាស៊ីនម៉ាស៊ូតរបស់ម៉ាកនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Christian បាននិយាយថា “ខ្ញុំគិតថាម៉ាស៊ីនម៉ាស៊ូតនៅអឺរ៉ុបកំពុតែបាត់ខ្លួនម្តងបន្តិចៗ ហើយអឺរ៉ុបគឺចូលចិត្តម៉ាស៊ីនម៉ាស៊ូតខ្លាំងណាស់។ ប៉ុន្តែវាមិនមែនមានន័យថាយើងនឹងឈប់ផលិតម៉ាស៊ីនម៉ាស៊ូតម្តងទាំងអស់ឡើយ។ ខ្ញុំគិតថា វានឹងមានការផ្លាស់ប្តូរបន្តិចម្តងៗរវាងបច្ចុប្បន្ន និងឆ្នាំ២០៣០ ហើយវាអាចនឹងខុសគ្នាទៅតាមទីផ្សារនីមួយៗ។ ទីផ្សារខ្លះនឹងបន្តមានជម្រើសម៉ាស៊ីន V8 ហើយខ្លះនឹងមានជម្រើសម៉ាស៊ីន V6 និងខ្លះទៀតមានជម្រើសម៉ាស៊ីនម៉ាស៊ូតដដែល”។

តាមរយៈការពិភាក្សាលម្អិតអំពីអនាគតម៉ាស៊ីន V8 លោក Christian បាននិយាយថា ម៉ាស៊ីន V8 នឹងមិនឋិតនៅរហូតនោះទេ ប៉ុន្តែសម្រាប់ពេលនេះក្រុមហ៊ុនកំពុងតែព្យាយាមថែរក្សាពួកវាឲ្យល្អបំផុតតាមដែលអាចធ្វើទៅបាន។

គួរឲ្យដឹងផងដែរថា Jeep ក៏កំពុងតែបន្តពង្រីកត្រកូលរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ ហើយថ្មីៗនេះបានបញ្ចេញម៉ូដែល Grand Cherokee 4xe PHEV ឆ្នាំ២០២២ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម