Jetour G700 បានក្លាយជារថយន្ដ SUV ដំបូងគេដែលអាចបើកឆ្លងកាត់ទន្លេ Yangtze មានទទឹង ១.៥ គីឡូម៉ែត្រ

រថយន្ត Jetour G700 របស់ក្រុមហ៊ុន Chery បានក្លាយជារថយន្តប្រភេទ SUV ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលបានឆ្លងកាត់ទន្លេ Yangtze ដោយជោគជ័យ។ រឿងរ៉ាវនេះបានឡើងនៅថ្ងៃទី ១៦ ខែតុលា ដោយរថយន្ដ Jetour G700 បានចាប់ផ្តើមចេញពីចំណតសាឡាង Heisha Zhou ក្នុងទីក្រុង Wuhu ខេត្ត Anhui ជាទីតាំងស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Chery ។

ក្នុងការដំណើរឆ្លងកាត់ទាំងផ្លូវគោក និងផ្លូវទឹក ចម្ងាយសរុប ១.៤៨០ ម៉ែត្រ និងការបើកឆ្លងកាត់ទន្លេដ៏ធំបំផុតរបស់ប្រទេសចិននេះ ត្រូវបានបញ្ចប់ក្នុងរយៈពេល ២២នាទី។ រថយន្ត SUV នេះបានធ្វើដំណើរលើផ្ទៃទឹកប្រមាណ ១.២ គីឡូម៉ែត្រ ដោយតស៊ូជាមួយល្បឿនទឹកហូរពី ៥ ទៅ ១០ គីឡូម៉ែត្រ/ម៉ោង។ រថយន្តនេះបានបើកបរក្នុងល្បឿនប្រហែល ៧ គីឡូម៉ែត្រ/ម៉ោងនៅលើផ្ទៃទឹកធំល្វឹងល្វើយ មុនពេលធ្វើដំណើទៅដល់ចំណតសាឡាង Nanlong ដោយជោគជ័យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភាពជោគជ័យក្នុងការឆ្លងកាត់ទន្លេរបស់រថយន្ត Zongheng G700 នេះ គឺអាចធ្វើទៅបានដោយសារលក្ខណៈពិសេសផ្នែកបច្ចេកវិទ្យារបស់វា រួមមាន៖ តួខ្លួនគ្មានផ្សេងផ្សារតភ្ជាប់ ហើយគ្មានប្រហោង រួមបញ្ចូលជាមួយប្រព័ន្ធចរាចរណ៍ខ្យល់សកម្ម (active air circulation system), និងប្រព័ន្ធរុញច្រានល្បឿនលឿន ៨០០ វ៉ុល (800V high-voltage silicon carbide high-speed propulsion system)។ អ្វីដែលពិសេសគឺឧបករណ៍ gyroscope ៦ ដែលជាអ័ក្សរបស់រថយន្តបានជួយរក្សាលំនឹងតួខ្លួនរបស់រថយន្ដ  ដើម្បីធានាបាននូវការគ្រប់គ្រងច្បាស់លាស់ក្នុងអំឡុងពេលឆ្លងកាត់ទឹក។

រថយន្ត Jetour G700 គ្រោងនឹងដាក់លក់នៅថ្ងៃទី ១៩ ខែតុលា ផ្ដល់ជូនជាមួយជម្រើស ៤ ម៉ូឌែលមានតម្លៃចាប់ពី ៤៩ ០០០ ដល់ ៦០ ២០០ដុល្លារ។ រថយន្ដនេះដំណើរការដោយម៉ាសុីនចំណុះ 2.0 អាចផលិតកម្លាំងបាន ២០៧សេះ កម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ជាមួយនឹងប្រសិទ្ធភាពកម្ដៅ ៤៥.៥%។ រថយន្ដ Jetour G700  ត្រូវបានបង្កើតឡើងនៅលើស្ថាបត្យកម្ម ៨០០ វ៉ុល (800V) ហើយបំពាក់ដោយប្រអប់លេខកូនកាត់ DHT, ប្រព័ន្ធអាគុយពីរស្រទាប់ 4C។ រថយន្តនេះអាចផលិតកម្លាំងសរុបបាន ៧៥១ សេះ និងកម្លាំងរមួលបាន ៧៩៥ ញ៉ូតុនម៉ែត្រ ពេលម៉ាសុីនសាំងដំណើររួមបញ្ចូលគ្នាជាមួយម៉ូទ័រអគ្គិសនី។ ចំពោះរយៈចម្ងាយបើកបរ Jetour G700 អាចបើកបរបានចម្ងាយ ១ ៤០០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម