
រថយន្ត Jetour G700 របស់ក្រុមហ៊ុន Chery បានក្លាយជារថយន្តប្រភេទ SUV ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលបានឆ្លងកាត់ទន្លេ Yangtze ដោយជោគជ័យ។ រឿងរ៉ាវនេះបានឡើងនៅថ្ងៃទី ១៦ ខែតុលា ដោយរថយន្ដ Jetour G700 បានចាប់ផ្តើមចេញពីចំណតសាឡាង Heisha Zhou ក្នុងទីក្រុង Wuhu ខេត្ត Anhui ជាទីតាំងស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Chery ។
ក្នុងការដំណើរឆ្លងកាត់ទាំងផ្លូវគោក និងផ្លូវទឹក ចម្ងាយសរុប ១.៤៨០ ម៉ែត្រ និងការបើកឆ្លងកាត់ទន្លេដ៏ធំបំផុតរបស់ប្រទេសចិននេះ ត្រូវបានបញ្ចប់ក្នុងរយៈពេល ២២នាទី។ រថយន្ត SUV នេះបានធ្វើដំណើរលើផ្ទៃទឹកប្រមាណ ១.២ គីឡូម៉ែត្រ ដោយតស៊ូជាមួយល្បឿនទឹកហូរពី ៥ ទៅ ១០ គីឡូម៉ែត្រ/ម៉ោង។ រថយន្តនេះបានបើកបរក្នុងល្បឿនប្រហែល ៧ គីឡូម៉ែត្រ/ម៉ោងនៅលើផ្ទៃទឹកធំល្វឹងល្វើយ មុនពេលធ្វើដំណើទៅដល់ចំណតសាឡាង Nanlong ដោយជោគជ័យ។
ភាពជោគជ័យក្នុងការឆ្លងកាត់ទន្លេរបស់រថយន្ត Zongheng G700 នេះ គឺអាចធ្វើទៅបានដោយសារលក្ខណៈពិសេសផ្នែកបច្ចេកវិទ្យារបស់វា រួមមាន៖ តួខ្លួនគ្មានផ្សេងផ្សារតភ្ជាប់ ហើយគ្មានប្រហោង រួមបញ្ចូលជាមួយប្រព័ន្ធចរាចរណ៍ខ្យល់សកម្ម (active air circulation system), និងប្រព័ន្ធរុញច្រានល្បឿនលឿន ៨០០ វ៉ុល (800V high-voltage silicon carbide high-speed propulsion system)។ អ្វីដែលពិសេសគឺឧបករណ៍ gyroscope ៦ ដែលជាអ័ក្សរបស់រថយន្តបានជួយរក្សាលំនឹងតួខ្លួនរបស់រថយន្ដ ដើម្បីធានាបាននូវការគ្រប់គ្រងច្បាស់លាស់ក្នុងអំឡុងពេលឆ្លងកាត់ទឹក។
រថយន្ត Jetour G700 គ្រោងនឹងដាក់លក់នៅថ្ងៃទី ១៩ ខែតុលា ផ្ដល់ជូនជាមួយជម្រើស ៤ ម៉ូឌែលមានតម្លៃចាប់ពី ៤៩ ០០០ ដល់ ៦០ ២០០ដុល្លារ។ រថយន្ដនេះដំណើរការដោយម៉ាសុីនចំណុះ 2.0 អាចផលិតកម្លាំងបាន ២០៧សេះ កម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ជាមួយនឹងប្រសិទ្ធភាពកម្ដៅ ៤៥.៥%។ រថយន្ដ Jetour G700 ត្រូវបានបង្កើតឡើងនៅលើស្ថាបត្យកម្ម ៨០០ វ៉ុល (800V) ហើយបំពាក់ដោយប្រអប់លេខកូនកាត់ DHT, ប្រព័ន្ធអាគុយពីរស្រទាប់ 4C។ រថយន្តនេះអាចផលិតកម្លាំងសរុបបាន ៧៥១ សេះ និងកម្លាំងរមួលបាន ៧៩៥ ញ៉ូតុនម៉ែត្រ ពេលម៉ាសុីនសាំងដំណើររួមបញ្ចូលគ្នាជាមួយម៉ូទ័រអគ្គិសនី។ ចំពោះរយៈចម្ងាយបើកបរ Jetour G700 អាចបើកបរបានចម្ងាយ ១ ៤០០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង៕