JLR មានការកុម្ម៉ង់ចំនួន ២០ម៉ឺនគ្រឿង ត្រូវបំពេញជូនអតិថិជន

[ទីផ្សារបរទេស] ការប្រកាសចេញរថយន្ត Range Rover និង Range Rover Sport ថ្មីបានជួយបង្កើនការលក់​របស់ Jaguar Land Rover បានជាង ៩ពាន់​គ្រឿង កាលពី​ត្រីមាសកន្លងទៅ ប៉ុន្តែ​វាក៏បានបន្ថែម​ចំនួននៃការកុម្ម៉ង់​ជុំវិញពិភពលោក​ដល់​ជាង ២០៥ ០០០គ្រឿង ជាចំនួនដែលក្រុមហ៊ុនត្រូវបំពេញ។

ជាមួយរថយន្ត Land Rover Defender មួយទៀត រថយន្តទាំងបីម៉ូដែល មានចំណែកនៃការកុម្ម៉ង់ជាង ១៤៥ ០០០​គ្រឿង ក្នុង​ចំណោម​ការកុម្ម៉ង់សរុប ដែលចំនួននេះបានកើនឡើងជិត ៥ពាន់គ្រឿងនៅត្រីមាសទីបី។ JLR និយាយថាខ្លួនកំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះខាតគ្រឿងបន្លាស់ ជាពិសេសគឺសឺមីកុងឌុចទ័រតែម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនកុម្ម៉ង់ដ៏ច្រើនសន្ធឹកដែលមិនទាន់សម្រេចបាននេះ បានធ្វើឲ្យ JLR រាយការណ៍ពីការខាតបង់ទឹកប្រាក់ ៥២៤​លាន​ផោន (ប្រមាណ ៥៧៨លានដុល្លារ) កាលពីត្រីមាសទីពីរ ដែលរងការប៉ះពាល់ពីការខ្វះខាតគ្រឿងបន្លាស់ និង​ដោយ​សារការ​បន្ត​ការ​បិទខ្ទប់​នៅ​ប្រទេសចិនផងដែរ។

ការផលិតរថយន្តថ្មីរបស់ JLR មានដំណើរការយឺតនៅនៅត្រីមាសទីពីរ ដោយ​មាន​រថយន្ត Range Rover មិន​ដល់ ៦ពាន់​គ្រឿង​នោះទេ ដែលបានសម្រេចការផលិត ខណៈដែលរថយន្ត Range Rover Sport ស្ទើរតែមានទំហំផលិតស្មើ​សូន្យ។

យ៉ាងណា ការផលិតចាប់ផ្ដើមប្រសើរនៅត្រីមាសទីបី ក្រោយពី​ JLR អាចផលិត​រថយន្ត Range Rover និង Range Rover Sport សរុបចូលគ្នាបាន ១៣ ៥៣៧គ្រឿង ជាការកើនឡើង ៥ ៧៩០គ្រឿង ធៀបនឹងត្រីមាសទីពីរ។

សរុប​ជារួម ការកុម្ម៉ង់ចំនួន ៨៨ ១២១គ្រឿង ត្រូវបានសម្រេចនៅត្រីមាសទីបី ដោយ​ក្រុមហ៊ុន​បានផ្ដោត​លើ​ការបំពេញ​ការ​កុម្ម៉ង់​រថយន្ត​ដែល​អាច​ទទួលបានប្រាក់ចំណេញច្រើនជាងគេ។ JLR រំពឹងថាតួលេខនេះនឹងបន្តកើនឡើងនៅត្រីមាសបន្ទាប់ ក្រោយ​ពី​បាន​ចុះ​កិច្ចព្រមព្រៀងថ្មីជាមួយ​ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម