[ទីផ្សារបរទេស] ការប្រកាសចេញរថយន្ត Range Rover និង Range Rover Sport ថ្មីបានជួយបង្កើនការលក់របស់ Jaguar Land Rover បានជាង ៩ពាន់គ្រឿង កាលពីត្រីមាសកន្លងទៅ ប៉ុន្តែវាក៏បានបន្ថែមចំនួននៃការកុម្ម៉ង់ជុំវិញពិភពលោកដល់ជាង ២០៥ ០០០គ្រឿង ជាចំនួនដែលក្រុមហ៊ុនត្រូវបំពេញ។
ជាមួយរថយន្ត Land Rover Defender មួយទៀត រថយន្តទាំងបីម៉ូដែល មានចំណែកនៃការកុម្ម៉ង់ជាង ១៤៥ ០០០គ្រឿង ក្នុងចំណោមការកុម្ម៉ង់សរុប ដែលចំនួននេះបានកើនឡើងជិត ៥ពាន់គ្រឿងនៅត្រីមាសទីបី។ JLR និយាយថាខ្លួនកំពុងប្រឈមនឹងបញ្ហាខ្វះខាតគ្រឿងបន្លាស់ ជាពិសេសគឺសឺមីកុងឌុចទ័រតែម្ដង។
ចំនួនកុម្ម៉ង់ដ៏ច្រើនសន្ធឹកដែលមិនទាន់សម្រេចបាននេះ បានធ្វើឲ្យ JLR រាយការណ៍ពីការខាតបង់ទឹកប្រាក់ ៥២៤លានផោន (ប្រមាណ ៥៧៨លានដុល្លារ) កាលពីត្រីមាសទីពីរ ដែលរងការប៉ះពាល់ពីការខ្វះខាតគ្រឿងបន្លាស់ និងដោយសារការបន្តការបិទខ្ទប់នៅប្រទេសចិនផងដែរ។
ការផលិតរថយន្តថ្មីរបស់ JLR មានដំណើរការយឺតនៅនៅត្រីមាសទីពីរ ដោយមានរថយន្ត Range Rover មិនដល់ ៦ពាន់គ្រឿងនោះទេ ដែលបានសម្រេចការផលិត ខណៈដែលរថយន្ត Range Rover Sport ស្ទើរតែមានទំហំផលិតស្មើសូន្យ។
យ៉ាងណា ការផលិតចាប់ផ្ដើមប្រសើរនៅត្រីមាសទីបី ក្រោយពី JLR អាចផលិតរថយន្ត Range Rover និង Range Rover Sport សរុបចូលគ្នាបាន ១៣ ៥៣៧គ្រឿង ជាការកើនឡើង ៥ ៧៩០គ្រឿង ធៀបនឹងត្រីមាសទីពីរ។
សរុបជារួម ការកុម្ម៉ង់ចំនួន ៨៨ ១២១គ្រឿង ត្រូវបានសម្រេចនៅត្រីមាសទីបី ដោយក្រុមហ៊ុនបានផ្ដោតលើការបំពេញការកុម្ម៉ង់រថយន្តដែលអាចទទួលបានប្រាក់ចំណេញច្រើនជាងគេ។ JLR រំពឹងថាតួលេខនេះនឹងបន្តកើនឡើងនៅត្រីមាសបន្ទាប់ ក្រោយពីបានចុះកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់៕