[ទីផ្សារបរទេស] ក្រុមហ៊ុនផលិត KG Mobility ដែលបានទិញយក និងបានប្តូរឈ្មោះពីក្រុមហ៊ុន SsangYong បានធ្វើការកែមុខមាត់ថ្មីទៅលើរថយន្ត Tivoli នឹងបានបន្ថែមម៉ូដែលចំនួន ២ គឺ Tivoli Air និង Tivoli XLV ជាមួយតម្លៃលក់ចាប់ពី ១៣ ៦៥២ ដុល្លារ នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ។
SsangYong Tivoli មានតាំងពីឆ្នាំ ២០១៥ ហើយទទួលបានការកែមុខមាត់ថ្មីនៅក្នុងឆ្នាំ ២០១៩ ។ សម្រាប់ការកែមុខមាត់ថ្មីនៅក្នុងឆ្នាំ ២០២៣ មានភាពទូលំទូលាយជាងមុន ដែលផ្តល់ឲ្យរថយន្ត SUV ខ្នាតតូចនេះ ទទួលបានការរចនាឡើងវិញ រួមមានប៉ាណាមុខ ជាមួយអក្សរ Tivoli និងកាងបឹតខ្យល់ទំហំធំស្រោបដោយអាលុយមីញ៉ូម ថាសកង់ទំហំ ១៨ អ៉ីញរចនាថ្មី បន្ទះដែកការពារចំហៀង-ខាងក្រោយរចនាថ្មី និងឡូហ្កោ SsangYong ត្រូវបានដកចេញ ជំនួសមកចេញនៅឡូហ្គោ KG Mobility នៅផ្នែកខាងក្រោយ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធ Infoconn ។ លើសពីនេះ ក៏មានការរចនាថ្មីទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់ជាមួយ touch-sensitive កៅអីស្បែកថ្មីជាដើម។ សម្រាប់ ប្រព័ន្ធសុវត្ថិភាពរួមមានពោងសុវត្ថិភាពចំនួន ៧ ចំនុច និងប្រព៏ន្ធជំនួយការអ្នកបើកបរ ADAS ចំនួន ១៤ មុខងារ ។
ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តនេះ ដំណើរការដោយម៉ាស៊ីន ២ ជម្រើសរួមមាន៖
- ម៉ាស៊ីន naturally-aspirated ចំណុះ ១,៦ លីត្រ អាចផលិតកម្លាំងបាន ១២៤ សេស និងកម្លាំងរមួល ១៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២
- ម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៦១ សេស និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ៕