Kia បង្ហាញ Concept កូនរថយន្ត SUV ថ្មី នឹងចេញលក់នាឆ្នាំនេះ

Kia បាន​បង្ហាញ​នូវ​រថយន្ត Concept ប្រភេទ SUV ចំនួន​ពីរ​ក្នុង​កម្មវិធី Delhi Auto Expo 2020 នៅ​ប្រទេស​ឥណ្ឌា​ ដែល​​ក្នុង​នោះ​មាន​មួយ​ឈ្មោះ​ថា Kia Sonet ជា​រថយន្ត SUV ខ្នាត​តូច គ្រោង​ប្រែ​ក្លាយ​ជា​ផលិតផល​សម្រេច ចេញ​លក់​លើ​ទីផ្សារ​ឥណ្ឌា​នៅ​កណ្ដាល​ឆ្នាំ​នេះ។

ចំពោះ​លក្ខណៈ​សម្បត្តិ​របស់ Kia Sonet នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ឡើយ ប៉ុន្តែ​រំពឹង​ថា​មាន​ប្រវែង​​សរុប​មិន​ដល់ ៤ ម៉ែត្រ​នោះ​ទេ។ ចំពោះ​រូបរាង​ Sonet វិញ គឺ​ហាក់​ដូច​ត្រៀម​រួច​រាល់​សម្រេច​ការ​ផលិត​លក់​ទៅ​ហើយ ដោយ​មាន​ចំណុច​គួរ​ចាប់​អារម្មណ៍​ដូច​ជា​ដៃ​ទ្វារ​រថយន្ត​​បង្កប់​ក្នុង​តួ​ខ្លួន, មាន​កញ្ចក់​​មើល​ក្រោយ​ទំហំ​តូច និង​មាន​រចនាបថ​អំពូល​ភ្លើង​មុខ​ក្រោយ​យ៉ាង​ទាក់ទាញ។

ពាណិជ្ជកម្ម

រថយន្ត​ដែល​ដាក់​តាំង​បង្ហាញ​គឺ​មាន​បិទ​កញ្ចក់​ពណ៌​ខ្មៅ ដែល​មាន​ន័យ​ថា Kia មិន​ទាន់​សម្រេច​កិច្ច​ការ​លើ​ការ​ឌីហ្សាញ​ផ្នែក​ខាង​ក្នុង​នៅ​ឡើយ​ទេ។ ប៉ុន្តែ​មាន​ការ​បញ្ជាក់​ថា​វា​អាច​ផ្ដល់​ទំហំ​​ធំ​ទូលាយ​ និង​មាន​មុខងារ​មួយ​ចំនួន​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​សម្រាប់​រថយន្ត​ខ្នាត​តូច​ប្រភេទ​នេះ។

រថយន្ត​ Kia Sonet នឹង​ត្រូវ​ប្រកួត​ប្រជែង​នឹង Hyundai Venue, Maruti Vitara Brezza, Tata Nexon, Mahindra XUV300 និង​រថយន្ត​ម៉ូដែល​ថ្មី​ដែល​នឹង​មាន​ពី​ក្រុមហ៊ុន Renault និង Nissan ផង​ដែរ៕

Sponsored