Kia K5 អាច​នឹង​ត្រូវអស់ជីវិត ​ជាមួយ Hyundai Sonata ខណៈផលិតកម្ម Stinger នឹង​បញ្ចប់​ឆាប់ៗ

វាហាក់ដូចជា ក្រុមហ៊ុន Hyundai Motor Group កំពុងត្រៀមខ្លួនធ្វើការបោសសំអាតដ៏ធំមួយ ហើយរថយន្ត Sedan ទាំងអស់នឹងត្រូវរងគ្រោះ។

បន្ទាប់ពីមានរបាយការណ៍ដែលថា Hyundai Sonata ជិតអស់ជីវិតនោះ គេហទំព័រ Automotive News បានបង្ហើបថា រថយន្ត Kia K5 នឹងជួបជោគវាសនាស្រដៀងគ្នានេះដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាមិនមានអ្វីជាផ្លូវការក៏ដោយ អ្នកវិភាគម្នាក់ដែលបាននិយាយទៅកាន់ Automotive News ជឿជាក់ថា Sonata នឹងត្រូវបានផ្តល់ការកែលម្អម្តងទៀត មុនពេលវាត្រូវគេបោះបង់ចោល នៅឆ្នាំ ២០២៧ ឬ ២០២៨ ខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Hyundai កំពុងបដិសេធពាក្យចចាមអារ៉ាមអំពីការឈប់ផលិតរថយន្តទាំងនេះ ខណៈពួកគេបានឆ្លើយតបដោយ​បញ្ជាក់​ថា៖

Sonata នៅ​តែ​មាន ហើយ​នឹង​បន្ត​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផលិតផល​របស់ Hyundai។ ពាក្យ​ចចាមអារ៉ាម​ណា​មួយ​អំពី​អនាគត​របស់​វា ​គឺ​ជា​ការនិយាយតគ្នាសុទ្ធសាធ។

យ៉ាងណាមិញ វាមិនមែនជាការបដិសេធទាំងស្រុងនោះទេ ខណៈក្រុមហ៊ុន Hyundai កំពុងផ្តោតសំខាន់លើផ្នែកអគ្គិសនី ហើយក្រុមហ៊ុនបានបញ្ជាក់រួចមកហើយថា រថយន្ត Hyundai Ioniq 6 ដែលនឹងមកដល់នាពេលខាងមុខ នឹងមានទំហំប្រហាក់ប្រហែលនឹង Sonata ដូច្នេះវាអាចមានសក្តានុពលក្នុងការជំនួស Sonata បាន។

យ៉ាងណាមិញ យើងទំនងជានឹងត្រូវរង់ចាំ ២-៣ឆ្នាំទៀត មុនពេលដឹងពីជោគវាសនារបស់ Hyundai Sonata និង Kia K5 ក៏ដូចជា Kia Stinger ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម