(សហរដ្ឋអាមេរិច) ក្រុមហ៊ុនផលិតរថយន្ត Kia បានប្រកាសចេញរថយន្ត Kia Stinger សេរ៊ីថ្មី ២០២២ ចេញផ្លូវការសម្រាប់ទីផ្សារសហរដ្ឋអាមេរិច។
Kia Stinger សេរ៊ីថ្មី ២០២២ មានចំនួន ២ប្រភេទគឺ GT-Line បំពាក់ជាមួយម៉ាស៊ីន ២,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ៣០០សេះ និង GT-2 បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៣លីត្រ Twin-Turbocharged ទំហំ ៦ស៊ីឡាំង កម្លាំង ៣៦៨សេះ។
ម៉ូឌែល GT-Line មានតម្លៃចាប់ពី ៣៧ ១៣៥ដុល្លារ ថ្លៃជាងម៉ូឌែលមុន ៣ ០០០ដុល្លារ និង GT-2 មានតម្លៃចាប់ពី ៥៤ ៥០០ដុល្លារ ថ្លៃជាងម៉ូឌែលមុន ៩០០ដុល្លារ។ បន្ថែមពីនេះ ក្រុមហ៊ុនបានផ្តល់នូវជម្រើសក្នុងការអាប់ដេតនូវ Sport Package ដែលមានតម្លៃ ១ ២៩៥ដុល្លារផងដែរ។
ផ្នែកខាងក្រៅនៃរថយន្ត Kia Stinger សេរ៊ីថ្មី ២០២២ បានទទួលការឌីស្សាញថ្មីទៅលើ ប៉ាណាខាងមុខ, ចង្កៀងមុខ-ក្រោយ និងអំពូលបំភ្លឺពេលថ្ងៃ ដោយប្រើប្រភេទអំពូល LED និងថាសកង់ទំហំ ១៨-១៩អ៊ីញ។
រីឯផ្នែកខាងក្នុង Kia បានអាប់ដេតបន្ថែមអោយកាន់ទំនើប តួរយ៉ាងដូចជា កៅអីនៃរថយន្តបានបំពាក់ជាមួយស្បែកប្រភេទ Nappa, អេក្រង់បង្ហាញព័ត៌មានភ្លោះទំហំ ៤,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto និងប្រព័ន្ធសុវត្តិភាពដូចជា ប្រព័ន្ធរក្សាគន្លងផ្លូវ, Highway assist, ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ, Blind Spot Monitoring, Distance Warning System និងប្រព័ន្ធប្រមានការបើកទ្វា៕