កាន់តែអេម! Kia ចេញលក់ឡាន Sorento ប្រភេទស៊ីសាំងតិចបំផុត ជាមួយតម្លៃ ៥មុឺនដុល្លារ ក្នុងទីផ្សារប្រទេសអូស្រ្តាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំនៅអូស្រា្តលីបានធ្វើការចេញលក់រថយន្ត Kia Sorento ប្រភេទ Hybrid ជាមួយតម្លៃចាប់ផ្តើមពី ៤៧ ១៧៤ ដុល្លារ សម្រាប់ប្រភេទប៉ុង១ និង ៤៩ ២៩៤ ដុល្លារ​ សម្រាប់ប្រភេទប៉ុង២ ក្នុងទីផ្សារប្រទេសអូស្រ្តាលី។

ក្នុងនោះ លោក Damien Meredith នាយកប្រតិបត្តិក្រុមហ៊ុន Kia Australia បាននិយាយថា ការបន្ថែមនៅម៉ាស៊ីន plug-in hybrid និង​ hybrid  គឺជាសក្ខីភាពមួយចំពោះវឌ្ឍនភាពរបស់ Kia ក្នុងវិស័យអគ្គិសនី។ ទន្ធឹមនឹងនេះ ក្រុមហ៊ុន Kia Australia កំពុងផ្តល់ឲ្យអ្នកប្រើប្រាស់នៅជម្រើសជាច្រើន ដើម្បីរួមចំណែកដល់អនាគត “កាន់តែបៃតង”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Sorento HEV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbocharged រួមបញ្ចូលគ្នាជាមួយម៉ូទ័រអគ្គិសនីចំនួនមួយអាចបង្កើតកម្លាំងបាន ២២៦ សេះ កម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ។ ថាមពលដែលបានផ្គត់ផ្គង់ទៅម៉ូទ័រអគ្គិសនីបានមកពីអាគុយលីចូមអ៊ីយ៉ុងទំហំ ១គីឡូវ៉ាត់ម៉ោង ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ ជាមួយកម្រិតស៊ីប្រេង ៥,៣ លីត្រ /១០០ គីឡូម៉ែត្រសម្រាប់ប្រភេទបើកបរដោយកង់ខាងមុខ និង ៥,៨ លីត្រ/១០០ គីឡូម៉ែត្រសម្រាប់ប្រភេទបើកបរដោយកង់ទាំង ៤ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Kia ប្រចាំនៅប្រទេសអូស្ត្រាលី នឹងដាក់លក់តែរថយន្ត Sorento ប្រភេទHybrid នេះ សម្រាប់ប្រភេទម៉ូឌែល GT-Line ជាមួយការបំពាក់ស្តង់ដាមកជាមួយ ថាសកង់ទំហំ ១៩អ៊ីញ, អេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ, កៅអីពូកស្បែក Nappa អាចលៃតម្រូវបាន ១៤ទិសដៅសម្រាប់កៅអីអ្នកបើកបរ, ឧបករណ៍បំពងសំឡេងម៉ាក Bose ១២ចំនុច និងដំបូលកញ្ចក់ panoramic sunroof ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម