Lamborghini បានបញ្ចេញរថយន្តស្ព័រម៉ូដែលថ្មីមួយទៀតហៅថា Huracan EVO RWD ដែលប្រើប្រព័ន្ធបើកបរប៉ុងមួយវិលកង់ក្រោយ។
ក្រុមហ៊ុនរថយន្តស្ព័រអ៊ីតាលីខាងលើអះអាងថា Huracan EVO RWD នឹងផ្តល់បទពិសោធន៍បើកបរកាន់តែអស្ចារ្យ និងសប្បាយជាង រថយន្ត Huracan EVO AWD ដែលប្រើប៉ុងពីរទៅទៀត។
រថយន្ត Huracan EVO RWD បំពាក់ម៉ាស៊ីនចំណុះ ៥,២លីត្រ Naturally-aspirated ទំហំ ១០ស៊ីឡាំង មានកម្លាំង ៦០២សេះ ហើយប្រើប្រអប់លេខ dual-clutch ៧វគ្គ និងមានមុខងារ Launch Control។ វាអាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៣វិនាទី ហើយមានល្បឿនអតិបរមា ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ថ្វីបើវាស្ទុះយឺតជាង Huracan EVO AWD ប៉ុន្តែ Lamborghini អះអាងថា Huracan EVO RWD ត្រូវបានបង្កើតឡើងដើម្បីឲ្យការបើកបរ កាន់តែសប្បាយ ទាំងលើផ្លូវសើម និងផ្លូវស្ងួត។ ក្នុងនោះវាបានបំពាក់ប្រព័ន្ធទប់លំនឹង Performance Traction Control System (P-TCS) ផងដែរ។
សូមបញ្ជាក់ថា រថយន្ត Lamborghini Huracan EVO RWD នេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២០៨ ៥៧០ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក៕