Lamborghini ជឿជាក់ថានឹងបង្កើតបានកំណត់ត្រាលក់ថ្មីប្រចាំឆ្នាំ២០២១

Lamborghini បានប្រកាសថាខ្លួនសាងបានកំណត់ត្រានៃការលក់ថ្មីមួយទៀត សម្រាប់រយៈពេលលក់គិតចាប់ពីខែមករា ដល់ចុងខែកញ្ញានៃឆ្នាំ២០២១នេះ ដោយក្រុមហ៊ុនបលក់ចេញរថយន្តបាន ៦ ៩០២គ្រឿង នៅជុំវិញពិភពលោក។

លទ្ធផលនៃការលក់នេះ គឺមានកំណើត ២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលពេលនោះចំនួនលក់របស់ Lamborghini មានកំណើន ៦% ផងដែរ បើធៀបនឹងឆ្នាំ២០១៩។ ជាមួយនឹងការកក់ទុកច្រើន Lamborghini ជឿជាក់ថាខ្លួននឹងអាចសាងបានកំណត់ត្រាលក់ថ្មីប្រចាំឆ្នាំ២០២១នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សារអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រ្វិក នៅតែជាទីផ្សារធំរបស់ Lamborghini ដែលអាចលលក់ចេញរថយន្តបានសរុប ២ ៦២២គ្រឿង កើនឡើង ១៧%។ អាមេរិកស្ថិតនៅលំដាប់ទីពីរជាមួយចំនួនលក់ ២ ៤០៧គ្រឿង កើនឡើង ២៥% ខណៈដែលទីផ្សារអាស៊ីប៉ាស៊ីហ្វិកមានកំណើន ២៨% ដែលលក់ចេញបាន ១ ៨៧៣គ្រឿង។

គួរដឹងផងដែរថា Urus នៅតែជារថយន្តលក់ដាច់ជាងគេរបស់ Lamborghini ដែលអាចលក់ចេញបានសរុប ៤ ០៨៥គ្រឿង ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១។ Huracan ស្ថិតនៅចំណាត់ថ្នាក់លេខពីរជាមួយចំនួនលក់ ២ ១៣៦គ្រឿង កើនឡើង ២៨% ជាមួយនឹងរថយន្ត Aventador លក់បាន ៦៨១គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម