[បរទេស] Lamborghini បានធ្វើការបង្ហាញចេញនូវរថយន្ត Supercar ចំនួន ២ម៉ូឌែលរបស់ខ្លួន Invencible ប្រភេទ Coupe និង Autentina ប្រភេទ Roadster ដែលម៉ូឌែលទាំង ២នេះនឹងក្លាយជាម៉ូឌែលចុងក្រោយដែលនឹងបំពាក់ម៉ាស៊ីនចំហេះក្នុង ១២ស៊ីឡាំង (V12) របស់ម៉ាកយីហោអ៊ីតាលីមួយនេះ។
Lamborghini Invencible និង Autentina ត្រូវបានឌីស្សាញឡើងដោយ Lamborghini Centro Stille ដែលផ្អែកនៅលើរថយន្ត Lamborghini Aventador ជាមួយការប្រើប្រាស់នូវកាបូននៅលើតួរខ្លួន និងកន្លែងសំខាន់ៗនៅផ្នែកខាងក្នុង។
ក្នុងនោះ Lamborghini បានបញ្ជាក់ថាម៉ូឌែលទាំង ២នេះត្រូវបានបំផុសគំនិតចេញពីម៉ូឌែលរថយន្តកាលពីមុនៗ ដែលរួមទាំង Sesto Elemento, Reventon និង Veneno ជាដើម។ សម្រាប់ផ្នែកខាងមុខ Invencible និង Autentina ត្រូវបានឌីស្សាញស្រួចចុះក្រោម ហើយកាងខ្យល់ និងគម្របម៉ាស៊ីនមានភាពស្រដៀងគ្នាទៅនឹងរថយន្តប្រណាំង Essenza SCV 12។ ចំណែកខាងក្រោយមានរចនាបថអនាគតជាមួយនឹងស្តុបរាងជាជ្រុងៗប្រភេទ LED ដែលជាការរចនាដូចគ្នាទៅនឹងស៊ីមាំង៣ នៅចំកណ្តាល។ Lamborghini Invencible មានកាងខ្យល់ខាងក្រោយរាបស្មើរស្រដៀងទៅនឹងម៉ូដែល Sesto Elemento ខណៈពេលដែល Autentica មានកាងបញ្ឈចំនួន២។
នៅផ្នែកខាងក្នុងឃើញថាមិនខុសពីម៉ូឌែល Lamborghini ផ្សេងៗនោះឡើយ។ ហើយម៉ូឌែលទាំង ២នេះខុសគ្នាទៅលើ រន្ធម៉ាស៊ីនត្រជាក់, ក្រាហ្វិចនៃអេក្រង់បង្ហាញព័ត៌មាន និងការប្រើប្រាស់កាបូនច្រើនកន្លែង ជាក់ស្តែងសម្រាប់ម៉ូឌែននេះគឺពុំមានអេក្រង់បង្ហាញនៅផ្នែកកណ្តាលនោះទេ។
សម្រាប់ថាមពលម៉ាស៊ីន រថយន្ត Lamborghini Invencible និង Autentina ប្រើប្រាស់នូវម៉ាស៊ីនដូចគ្នាដែលមានចំណុះ ៦,៥លីត្រ V12 ប្រភេទ Naturally Aspirated ដែលអាចផលិតកម្លាំងបាន ៧៦៩សេះ និងកម្លាំងបង្វិល ៧២០ញ៉ូតុនម៉ែត្រ ថាមពលបញ្ជូនទៅកាន់កង់ទាំង៤ តាមរយៈប្រអប់លលេខ ISR ៧វគ្គ និងប្រព័ន្ធ Dynamic Steering System។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពី Invencible និង Autentica ម៉ូដែលរថយន្តទំនើបផ្សេងទៀតរបស់ Lamborghini នឹងប្រើម៉ាស៊ីនកូនកាត់ V12 ជំនួសឱ្យ V12 ប្រភេទចំហេះក្នុង។ អ្នកតំណាងក្រុមហ៊ុន Lamborghini បាននិយាយថា ម៉ូដែលជំនួស Aventador នឹងត្រូវណែនាំនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕