Lamborghini ប្រកាសលែងចូលរួមកម្មវិធីតាំងបង្ហាញឡានធំៗ

កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​សូវ​ទទួល​បាន​ផល​ចំណេញ​ដល់​ក្រុមហ៊ុន​ដែល​ចូល​រួម​ប៉ុន្មាន​ទេ ហើយ​ពេល​នេះ Lamborghini បាន​សម្រេច​ចិត្ត​ថា​នឹង​លែង​ចូល​រួម​កម្មវិធី​ប្រភេទ​នេះ​ត​ទៀត​ហើយ។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ Autocar India ប្រធាន​ផ្នែក​ទីផ្សារ​និង​ទំនាក់ទំនង​របស់ Lamborghini លោក Katia Bassi បាន​និយាយ​ថា ៖ “យើង​បាន​សម្រេច​ថា​បោះបង់​ចោល​កម្មវិធី​តាំង​បង្ហាញ​រថយន្ត ដោយ​សារ​យើង​កាន់​តែ​ជឿជាក់​ច្បាស់​ថា​ ការ​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជា​មួយ​អតិថិជន​ គឺ​ជា​រឿង​សំខាន់​ជាង ហើយ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​មិន​ស៊ី​នឹង​ទស្សនវិជ្ជា​របស់​យើង​ទៀត​នោះ​ទេ។​”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្បិត​ថា Lamborghini បោះបង់​ចោល​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​មែន ប៉ុន្តែ​ក្រុមហ៊ុន​មិន​បោះបង់​ចោល​ទាំង​ស្រុង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ Lamborghini នឹង​ផ្ដោត​លើ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ដែល​មិន​មែន​ជា​ការ​តាំង​ពិព័រណ៍​ទាំង​ស្រុង ដូច​ជា​កម្មវិធី Goodwood Festival of Speed និង​ Pebble Beach Concours d’Elegance ជា​ដើម។

Lamborghini ក៏​ផ្ដោត​លើ​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​ជា​មួយ​អតិថិជន ដូច​ជា​ការ​ធ្វើ​ដំណើរ​កម្សាន្ត ​និង​កម្មវិធី​ជួបជុំ​អ្នក​បើកបរ​រថយន្ត​ Lamborghini ​ជា​ដើម៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម