Lamborghini យករោងចក្រផលិតឡានស្ព័រ ទៅផលិតម៉ាស់មុខ

កាល​ពី​ជាង ២ សប្ដាហ៍​មុន Lamborghini បាន​ប្រកាស​ថា​នឹង​បិទ​រោងចក្រ​ផលិត​រថយន្ត​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី ២៥ ខែ​មីនា​ ដោយ​ការ​ផ្ទុះ​នៃ​ជំងឺ​កូវីដ​១៩។ ពេល​នេះ​រោងចក្រ​ផលិត​រថយន្ត​នៅ​តំបន់​ Sant’Agata Bolognese ប្រទេស​អ៊ីតាលី​របស់ Lamborghini បាន​បើក​ដំណើរ​ការ​វិញ​ហើយ។

សម្រាប់​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នេះ Lamborghini នឹង​ប្រើ​ប្រាស់​​រោងចក្រ​ផលិត​រថយន្ត​ស្ព័រ​របស់​ខ្លួន ទៅ​ផលិត​ម៉ាស់​​វេជ្ជសាស្ត្រ​ និង​ឧបករណ៍​ការពារ​មុខ។ Lamborghini និយាយ​ថា​ម៉ាស់ និង​ឧបករណ៍​ការពារ​នឹង​ត្រូវ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​ Sant’Orsola-Malpighi នៅ​ទីក្រុង Bologna ប្រទេស​អ៊ីតាលី ដើម្បី​ជួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស់​​ទាំង​អស់​នឹង​ត្រូវ​ផលិត​ឡើង​ដោយ​បុគ្គលិក Lamborghini ដែល​​ពី​មុន​មក​កាន់​ការងារ​ខាង​ផ្នែក​បរិក្ខារ​ខាង​ក្នុង​រថយន្ត និង​ផ្នែក​តុបតែង​រថយន្ត។ Lamborghini និយាយ​ថា​ខ្លួន​​នឹង​អាច​ផលិត​ម៉ាស់​មុខ​បាន ១ ពាន់​ក្នុង​មួយ​ថ្ងៃ។ ចំណែក​ឯ​ឧបករណ៍​ការពារ​នឹង​ផលិត​ដោយ​ប្រើ​ប្រាស់​​ឧបករណ៍​ព្រីន 3D របស់ Lamborghini ដែល​ស្ថិត​នៅ​​សង្វាក់​ផលិតកម្ម​សរសៃ​កាបូន​ និង​នៅ​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម