Lamborghini សាងកំណត់ត្រាលក់ថ្មីមួយ ប្រចាំត្រីមាសដំបូងនៃឆ្នាំ២០២២

[ទីផ្សារបរទេស] ក្រុមហ៊ុន Lamborghini បានប្រកាសអំពីការលក់រថយន្តបានសរុប ២ ៥៣៩គ្រឿង នៅជុំវិញពិភពលោក ក្នុងអំឡុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២នេះ ដែលតួលេខនេះធ្វើឲ្យត្រីមាសនេះក្លាយជាត្រីមាសដ៏ល្អបំផុតមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន។

ចំនួនលក់នេះដែរ មានការកើនឡើង ៥% បើធៀបនឹងចំនួនលក់ដែលទទួលបានកាលពីត្រីមាសទីមួយនៃឆ្នាំ២០២១ ដោយឆ្នាំមុននេះគឺជាឆ្នាំដែល Lamborghini សាងបានកំណត់ត្រាលក់រថយន្តបានច្រើនមិនធ្លាប់មាន ដែលអាចលក់បានរហូតដល់ ៨ ៤០៥គ្រឿង គិតចាប់ពីខែមករា ដល់ខែធ្នូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលរថយន្តដែលទទួលបានការគាំទ្រខ្លាំងជាងគេគឺម៉ូដែល Lamborghini Urus ដែលវាមានចំណែករហូតដល់ ៦១% នៃចំនួនលក់ចេញសរុប។ ជាក់ស្ដែង Urus អាចលក់ចេញបាន ១ ៥៤៧គ្រឿង បន្ទាប់មកគឺរថយន្ត Huracán លក់ចេញបាន ៨៤៤គ្រឿង និងរថយន្ត Aventador អាចលក់ចេញបាន ១៤៨គ្រឿង។

ត្បិតថារថយន្ត Aventador មានចំនួនលក់តិចតួច ដោយសារអាយុកាលវាបានផុត ប៉ុន្តែ Lamborghini បានបង្ហាញអារម្មណ៍ត្រេកត្រអាលជាមួយរថយន្តដែលចូលមកជំនួស Aventador គឺរថយន្ត Supercar ប្រភេទ Hybrid ប្រើម៉ាស៊ីន១២ស៊ីឡាំង ដែលគ្រោងបង្ហាញវត្តមាននៅឆ្នាំ២០២៣។

នៅក្នុងឆ្នាំ២០២២នេះដែរ Lamborghini នឹងមានការប្រកាសចេញផលិតថ្មីចំនួនបីប្រភេទ ដែលក្នុងនោះមានរថយន្ត Urus ចំនួនពីរប្រភេទ និងមួយទៀតគឺសម្រាប់រថយន្ត Huracán ដែលអាចនឹងជួយបង្កើនចំនួនលក់បានមួយកម្រិតទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម