Lamborghini អបអរខួប៤ឆ្នាំនៃការប្រកាសចេញឡាន Urus ដែលប្រៀបបានម៉ាស៊ីនផលិតលុយ

បួនឆ្នាំមុន ពោលគឺនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុន Lamborghini បានប្រកាសចេញរថយន្ត Urus ជាផ្លូវការនៅទីស្នាក់ការរបស់ខ្លួនដែលស្ថិតនៅប្រទេសអង់គ្លេស ដែលពេលនោះវាជារថយន្តម៉ូដែលទីបីរបស់ Lamborghini បន្ទាប់ពីរថយន្ត Aventador និង Huracan។



នាពេលនេះ Lamborghini បានអបអរខួបទីបួនឆ្នាំនៃរថយន្ត SUV ដ៏សំខាន់របស់ខ្លួន ដោយក្រោយការប្រកាសចេញរថយន្តនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងដល់ចំណុចកំពូលមិនធ្លាប់មាន។ ជាក់ស្ដែងនៅឆ្នាំ ២០១៩ ប្រាក់ចំណូលរបស់ក្រុមហ៊ុនមានចំនួន ១,៨១ពាន់លានអឺរ៉ូ និងនៅឆ្នាំ ២០២០ មានចំនួន ១,៦១ពាន់លានអឺរ៉ូ។

នៅឆ្នាំ២០១៩ Lamborghini អាចលក់រថយន្តបានសរុប ៨ ២០៥គ្រឿង ដែលមានការកើនឡើងទ្វេដងធៀបនឹងពេលមុនប្រកាសចេញរថយន្ត Urus។ គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ មានរថយន្ត Urus សរុប ១៦ ០០០គ្រឿងបានដឹកជញ្ជូនចេញទៅកាន់ជុំវិញពិភពលោក ហើយអ្វីដែលអស្ចារ្យគឺ ៨៥% នៃអតិថិជនដែលទិញ Urus គឺជាអតិថិជនដំបូងរបស់ Lamborghini។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជោគជ័យរបស់ Urus ធំធេងពេកដល់ថ្នាក់ Lamborghini ត្រូវពង្រីកទំហំរោងចក្ររបស់ខ្លួន និងត្រូវសាងសង់ទីលានសាកល្បងថ្មី ជាមួយនឹងកន្លែងលាបពណ៌ថ្នាំរថយន្តថ្មីផងដែរ ដែលជាលទ្ធផលបានជួយបង្កើតការងារថ្មីចំនួន ៧០០កន្លែង។ ឆាប់ៗខាងមុខនេះ Lamborghini នឹងប្រកាសចេញ Urus ដែលមានការដុះខាត់ថ្មី ហើយទំនងជាមានបន្ថែមប្រភេទ PHEV មកជាមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម