Lamborghini នៅតែបន្តបង្កើតកំណត់ត្រាលក់ ដោយសារតែម៉ូដែល Urus

ក្រុមហ៊ុន Lamborghini បានរាយការណ៍ពីការបង្កើតកំណត់ត្រាលក់ថ្មី ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២១ នេះ បើទោះបីជាមានការខ្វះខាតបន្ទះឈីប និងផលប៉ះពាល់ជាបន្តបន្ទាប់នៃការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងទីផ្សារមួយចំនួនក៏ដោយ។

សម្រាប់រយៈពេលរវាងខែមករា និងខែកញ្ញា ក្រុមហ៊ុន Lamborghini អាចចែកចាយរថយន្តបានចំនួន ៦ ៩០២ គ្រឿង កើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលវាមានការកើនឡើងជិត ៦% ធៀបនឹងត្រីមាសដំបូងនៃឆ្នាំ ២០១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះតំបន់ EMEA (Europe, Middle East, Africa / អឺរ៉ុប, មជ្ឈិមបូព៌ា, អាហ្វ្រិក) នៅតែជាតំបន់ធំបំផុតសម្រាប់ Lamborghini ដែលមានចំនួន ២ ៦២២ គ្រឿង ឬកើនឡើង ១៧ ភាគរយធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះដែរ តាមពីក្រោយ EMEA គឺអាមេរិក ដែលការលក់បានកើនឡើង ២៥ ភាគរយ ដល់ ២ ៤០៧ គ្រឿង។ តំបន់ APAC (Asia-Pacific / អាស៊ីប៉ាស៊ីហ្វិក) មានការលក់ចំនួន ១ ៨៧៣គ្រឿង ដែលកើនឡើង ២៨% ធៀបនឹងឆ្នាំ ២០២០។

គួរឲ្យដឹងថា Urus នៅតែជាម៉ូដែលលក់ដាច់បំផុតរបស់ Lamborghini ហើយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១ នេះ វាបានលក់ដាច់ចំនួន ៤ ០៨៥គ្រឿង ដែលកើនឡើង ២៥% ធៀបនឹងឆ្នាំមុន។ ការលក់ Huracan នៅតែរឹងមាំ បើទោះបីជាវាខិតជិតដល់ទីបញ្ចប់នៃវដ្តជីវិតក៏ដោយ ជាមួយនឹងចំនួន ២ ១៣៦ គ្រឿង កើនឡើង ២៨ ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម