កាលពីជាង ២ សប្ដាហ៍មុន Lamborghini បានប្រកាសថានឹងបិទរោងចក្រផលិតរថយន្តរបស់ខ្លួនរហូតដល់ថ្ងៃទី ២៥ ខែមីនា ដោយការផ្ទុះនៃជំងឺកូវីដ១៩។ ពេលនេះរោងចក្រផលិតរថយន្តនៅតំបន់ Sant’Agata Bolognese ប្រទេសអ៊ីតាលីរបស់ Lamborghini បានបើកដំណើរការវិញហើយ។
សម្រាប់ការបើកដំណើរការឡើងវិញនេះ Lamborghini នឹងប្រើប្រាស់រោងចក្រផលិតរថយន្តស្ព័ររបស់ខ្លួន ទៅផលិតម៉ាស់វេជ្ជសាស្ត្រ និងឧបករណ៍ការពារមុខ។ Lamborghini និយាយថាម៉ាស់ និងឧបករណ៍ការពារនឹងត្រូវបរិច្ចាគដល់មន្ទីរពេទ្យ Sant’Orsola-Malpighi នៅទីក្រុង Bologna ប្រទេសអ៊ីតាលី ដើម្បីជួយក្រុមគ្រូពេទ្យជំនាញក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។
ម៉ាស់ទាំងអស់នឹងត្រូវផលិតឡើងដោយបុគ្គលិក Lamborghini ដែលពីមុនមកកាន់ការងារខាងផ្នែកបរិក្ខារខាងក្នុងរថយន្ត និងផ្នែកតុបតែងរថយន្ត។ Lamborghini និយាយថាខ្លួននឹងអាចផលិតម៉ាស់មុខបាន ១ ពាន់ក្នុងមួយថ្ងៃ។ ចំណែកឯឧបករណ៍ការពារនឹងផលិតដោយប្រើប្រាស់ឧបករណ៍ព្រីន 3D របស់ Lamborghini ដែលស្ថិតនៅសង្វាក់ផលិតកម្មសរសៃកាបូន និងនៅផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍៕