Lamborghini Aventador SVJ Roadster មួយគ្រឿងត្រូវហៅត្រឡប់មកវិញ ព្រោះអាចបង្កអោយឆេះ

ក្រុមហ៊ុន Lamborghini បានធ្វើការចេញនូវសេចក្តីប្រកាសក្នុងការប្រមូលត្រឡប់មកវិញ សម្រាប់រថយន្ត Aventador SVJ Roadster ឆ្នាំ២០២១ មួយគ្រឿង នៅសហរដ្ឋអាមេរិច។

សេចក្តីជូនដំណឹងអំពីការប្រមូលមកវិញដែលត្រូវបានចេញផ្សាយដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បង្ហាញថាវីសដែលប្រើលើការភ្ជាប់បំពង់ប្រេង អាចមិនត្រូវបានបង្វិលត្រឹមត្រូវក្នុងអំឡុងពេលដំណើរការដំឡើង។ ដូចនេះ បំពងប្រេងអាចផ្ដាច់ និងលេចធ្លាយប្រេង ដែលអាចធ្វើអោយសមាសធាតុក្តៅ និងបង្កើតហានិភ័យនៃការឆេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បានចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួននៅក្នុងខែកញ្ញា បន្ទាប់ពីរបាយការណ៍នៃបញ្ហាអគ្គីភ័យ ដោយសារតែការលេចធ្លាយប្រេងពីបំពង់ប្រេងនៅលើ Aventador SVJ។ សម្រាប់រថយន្ត Aventador SVJ មួយគ្រឿងដែលត្រូវបានហៅឡើងវិញនេះ ត្រូវបានផលិតឡើងនៅថ្ងៃទី ១៥ មីនា ឆ្នាំ២០២១ ខណៈពេល ៣គ្រឿងនៅលើទីផ្សារផ្សេងទៀត ក៏ត្រូវបានហៅមកវិញដូចគ្នា។

ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីនឹងជូនដំណឹងដល់ម្ចាស់រថយន្ត Aventador SVJ នៅសហរដ្ឋអាមេរិក និងណែនាំគាត់ឱ្យរៀបចំការណាត់ជួបជាមួយក្រុមហ៊ុនចែកចាយ Lamborghini បន្ទាប់មកអ្នកបច្ចេកទេសនឹងពិនិត្យមើល ដោយមិនគិតថ្លៃ។

នេះមិនមែនជាលើកទីមួយទេដែល Aventador SVJ ត្រូវបានប្រមូលមកវិញ។ កាលពីដើមឆ្នាំនេះ Lamborghini បានធ្វើការហៅនូវរថយន្តនេះ ចំនួន ២២១គ្រឿងមកវិញ បន្ទាប់ពីវាបានកំណត់ថាគម្របម៉ាស៊ីនអាចបើកបាន នៅខណៈពេលដែលរថយន្តកំពុងបើកបរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម